
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ ក្រោមអធិបតីភាព លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ពិធីសច្ចាប្រណិធាននេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី អ.ដ.ក. បានសម្រេចផ្តល់នីតិសម្បទាដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន ៤០ រូប នៅក្នុងកិច្ចប្រជុំលើកទី១១ របស់ អ.ដ.ក.។
ការធ្វើពិធីសច្ចាប្រណិធាននេះ គឺមិនត្រឹមតែជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ ដែលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ត្រូវធ្វេីនៅមុនពេលចាប់ផ្តើមអនុវត្តមុខងាររបស់ខ្លួនជាផ្លូវការប៉ុណ្ណោះទេ តែនេះក៏ដើម្បីបង្ហាញពីភាពស្អាតស្អំ និងភាពស្មោះត្រង់របស់ខ្លួន ក្នុងការអនុវត្តមុខងារជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋផងដែរ។
ថ្លែងក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ក៏បានឡើងអំពីទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៍ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា និងគោលបំណងនៃការបង្កើតឱ្យមានស្ថាប័ន អ.ដ.ក. នេះ ព្រមទាំងបានផ្តាំផ្ញើឱ្យមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី២ នេះ ត្រូវខិតខំបំពេញការងារឱ្យបានល្អប្រសើរ ពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងក្រមប្រតិបត្តិ និងគោរពនូវបទប្បញ្ញត្តិនានារបស់ អ.ដ.ក. សំដៅរួមចំណែកកសាង និងលើកកម្ពស់នូវជំនឿទុកចិត្តពីសាធារណៈជនលើស្ថាប័ន ក៏ដូចជាដើម្បីបម្រើនូវឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន៕
