
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចាត់វិធានការទប់ស្កាត់ទឹកកខ្វក់ បានចំនួន ១៣ ៧០៩ ៤៩៤ ម៉ែត្រគូប មិនឱ្យបំពុលតំបន់ទឹកសាធារណៈនៅកម្ពុជា គិតចាប់តាំងពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥។ គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២៥ ទឹកកខ្វក់ចេញពីក្រុម និងរោងចក្រ ចំនួនជិត ២ លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលប្រភពទឹកស្អាតនានានៅតាមរាជធានី-ខេត្ត។
អ្នកនាំបាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា បានការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាននេះ ត្រូវបានត្រួតពិនិត្យតាមដាន ឱ្យក្រុមហ៊ុន និងរោងចក្រ ដែលមានសក្តានុពលប្រភពបំពុល នៅតាមរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមបរិស្ថាន និងធនធានធម្មជាតិ លើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ក្រុមហ៊ុន និងរោងចក្រទាំងអស់។
«គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន និងរោងចក្រ ចំនួន ៥៧ ទីតាំង បានចុះកិច្ចសន្យា ដើម្បីអនុវត្តច្បាប់ត្រឹមត្រូវ និងបានបំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យ ក្នុងនោះ មានក្រុមហ៊ុន និងសហគ្រាស ចំនួន ៤៦ បានបំពាក់រួចហើយ»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន។
សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ ដើម្បីឈានទៅសម្រេចយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ អនុលោមទៅតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ដើម្បីការពារបរិស្ថាន និងការពារសុខភាពសាធារណៈ។
ទន្ទឹមនឹងនេះក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ចំពោះចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ម្ចាស់រោងចក្រ និងក្រុមហ៊ុន រួមជាមួយអ្នកសារព័ត៌មាន និង ប្រជាពលរដ្ឋ ក្នុងអនុវត្តច្បាប់ ដើម្បីកម្ពុជាមានភាពស្អាត ទាំងនៅលើផ្ទៃដី នៅក្នុងទឹក និងលើផ្ទៃមេឃ៕


