
ភ្នំពេញ៖ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ នៅថ្ងៃទីពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានសរសេរលើបណ្តាញសង្គមថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅពេលថ្មីៗនេះ អ្នកវិភាគវិស័យយោធាម្នាក់ បានលើកឡើងនូវចំណុចដ៏ល្អមួយថា កងទ័ពថៃកំពុងអនុវត្តយុទ្ធសាស្ត្រមួយបែប ហៅថា «ការបង្កហេតុជាយុទ្ធសាស្ត្រ» នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។
ខ្លឹមសារសំខាន់នៃយុទ្ធសាស្ត្រនេះ គឺផ្តោតទៅលើគោលដៅនៃការបង្វែរប្រធានបទ និងទាមទារ «ភាពជាជនរងគ្រោះ» តាមរយៈការគំរាមកំហែង ការវាយប្រហារ និងសកម្មភាពផ្សេងទៀត ដែលត្រូវបានសម្របសម្រួលយ៉ាងល្អិតល្អន់ ដើម្បីបង្កហេតុឱ្យកម្ពុជាធ្វើការវាយប្រហារជាមុន។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានយល់ស្របនឹងការវាយតម្លៃនេះ និងអនុសាសន៍ដែលថា កម្ពុជាមិនត្រូវធ្លាក់ខ្លួនចូលទៅក្នុងអន្ទាក់នៃសង្គ្រាមរបស់ថៃនោះទេ។ កម្ពុជាស្ថិតនៅជំហរមានប្រៀបជាងថៃ។ អធិបតេយ្យភាពរបស់កម្ពុជាលើតំបន់ព្រំដែនដែលថៃព្យាយាមគ្រប់គ្រង ត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងក្នុងកម្រិតមួយតាមរយៈសាលដីកានៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ បើនិយាយក្នុងន័យធៀប កម្ពុជាគួរតែមានការទាមទារដ៏ត្រឹមត្រូវលើការពិត អំពីអ្វីដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែន ទោះបីជាកងទ័ពថៃមានភាពប៉ិនប្រសប់ក្នុងការបញ្ជាក់ផ្ទុយពីនេះយ៉ាងណាក៏ដោយ (ឧទាហរណ៍៖ ដូចដែលឃើញស្រាប់នៅក្នុងការជជែកដេញដោលនៅមហាសន្និបាតអង្គការសហប្រជាជាតិនាសប្ដាហ៍នេះ)។ ជម្លោះតាមបណ្តោយព្រំដែន គឺជាជម្លោះដែលកម្ពុជាអាចបរាជ័យ ប្រសិនបើកម្ពុជាធ្លាក់ចូលទៅក្នុងអន្ទាក់នៃការបង្កហេតុជាយុទ្ធសាស្ត្ររបស់កងទ័ពថៃ។
ប៉ុន្តែការដែលគ្រាន់តែបដិសេធចំពោះយុទ្ធសាស្ត្ររបស់គូសត្រូវ គឺមិនមែនជាយុទ្ធសាស្ត្រដោះស្រាយនោះទេ។ កម្ពុជាត្រូវតែអនុវត្តគោលនយោបាយតបត តាមរយៈកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ។ នៅពេលដែលប្រទេសជិតខាងធ្វើសកម្មភាពដោយសន្តិភាព សមស្រប និងអនុលោមតាមច្បាប់អន្តរជាតិ នោះយើងគួរតែសហការ។ ប៉ុន្តែនៅពេលដែលប្រទេសនានា មិនធ្វើសកម្មភាពសមស្រប យើងគួរតែត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង និងសូម្បីតែការប្រឈមមុខដាក់គ្នា ដោយចៀសវាងជម្លោះទ្រង់ទ្រាយធំ។ ការបង្កហេតុជាយុទ្ធសាស្ត្រ គឺមានគោលបំណងរំខានដល់ការរីកចម្រើន និងការអភិវឌ្ឍន៍ផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ហើយយើងមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់នេះទេ។ ផ្ទុយទៅវិញ វាគឺជាការចាំបាច់ដែលយើងត្រូវស្វែងរកដំណោះស្រាយចំពោះជម្លោះតាមបណ្តោយព្រំដែននេះ ឱ្យបានឆាប់រហ័ស ដោយសន្តិវិធី និងតាមរយៈមធ្យោបាយផ្លូវច្បាប់ ដែលពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍ភាគីទីបី ដើម្បីទប់ស្កាត់រាល់ការបង្ខូចសេចក្តីពិតណាមួយ។
ស្របតាមយុទ្ធសាស្ត្រនេះដែរ យើងត្រូវតែធានានូវការវិលត្រឡប់របស់វីរកងទ័ពកម្ពុជា ដែលត្រូវបានឃុំខ្លួនទាំងអស់ ដែលថៃបានហៅថា «ជាឈ្លើយសឹក»។ វីរកងទ័ពកម្ពុជា ១៨នាក់ ដែលថៃបានឃុំខ្លួន ត្រូវតែប្រគល់មកវិញភ្លាម ហើយរាល់ថ្ងៃក្នុងខណៈពេលដែលវីរកងទ័ពកម្ពុជាទាំងនេះត្រូវបានឃុំខ្លួន ថៃគួរតែត្រូវបានថ្កោលទោសចំពោះការមិនអនុលោមតាមច្បាប់អន្តរជាតិជារៀងរាល់ថ្ងៃ។ យើងមិនគួរភ្ញាក់ផ្អើលទេថា វាគឺជាការលំបាកខ្លាំងណាស់ ក្នុងការនាំយកវីរកងទ័ពកម្ពុជាដែលត្រូវបានថៃឃុំខ្លួនទាំង ១៨នាក់នេះមកវិញ សម្រាប់ការពិតដ៏សាមញ្ញមួយថា ដរាបណាវីរកងទ័ពកម្ពុជា ត្រូវបានឃុំខ្លួន ថៃនៅមានឱកាសមួយទៀត ដើម្បីជះឥទ្ធិពលដល់បរិយាកាសនយោបាយរបស់កម្ពុជា ដោយប្រើប្រាស់វីរកងទ័ពកម្ពុជាដែលត្រូវបានឃុំខ្លួនទាំងនេះ ជាចំណាប់ខ្មាំង។ ប៉ុន្តែកម្ពុជាស្ថិតនៅជំហរមានប្រៀបជាង ពីព្រោះការឃុំខ្លួនវីរកងទ័ពកម្ពុជាប្រព្រឹត្តទៅកាន់តែយូរ ជាពិសេសក្នុងការពិតដែលថាកម្ពុជាមិនតបតដោយប្រើប្រាស់កម្លាំងយោធាចំពោះការបង្កហេតុរបស់ថៃ នឹងធ្វើឱ្យការបន្តឃុំខ្លួនវីរកងទ័ពកម្ពុជាដោយរដ្ឋាភិបាលថៃ កាន់តែបាត់បង់ភាពស្របច្បាប់។
លោក ឆាំង យុ បានលើកឡើងថា អនាគតរបស់កម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) គឺមិនងាយស្រួល និងគ្មានជម្លោះនោះទេ ប៉ុន្តែសន្តិភាព ស្ថិរភាព និងវិបុលភាពអាចប្រព្រឹត្តទៅបានប្រសិនបើយើងងើបផុតពីជម្លោះតូចតាច ភាពមិនចាស់ទុំ និងភាពល្ងង់ខ្លៅពីអតីតកាល។ ទោះបីជាកម្ពុជានៅតែជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ កម្ពុជានៅតែអាចអនុវត្តភាពជាអ្នកដឹកនាំរបស់ប្រទេសអភិវឌ្ឍន៍បានដែរ។ នៅសតវត្សរ៍ទី២១ កម្ពុជាអាចធ្វើជាគំរូសម្រាប់បណ្ដាប្រទេសដទៃទៀត ដោយបន្តអនុវត្តការប្រកួតប្រជែងជាយុទ្ធសាស្ត្រដោយសន្តិវិធី ហើយមិនធ្លាក់ខ្លួនទៅជាជនរងគ្រោះនៃការបង្កហេតុជាយុទ្ធសាស្ត្រយោធាថៃនោះឡើយ។ការពន្យល់បកស្រាយ៖ កម្ពុជា ត្រូវតែជាដៃគូសហប្រតិបត្តិការផង និងជាគូប្រកួតប្រជែងជាយុទ្ធសាស្ត្រផង ទៅតាមកាលៈទេសៈតម្រូវ។
ដៃគូសហប្រតិបត្តិការ គឺជាភាគីដែលយល់ព្រមសម្របសម្រួលផលប្រយោជន៍រយៈពេលខ្លីរបស់ខ្លួនខ្លះ ដើម្បីធានាបាននូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសជិតខាងរបស់ខ្លួន ចំណែកឯគូប្រកួតប្រជែងជាយុទ្ធសាស្ត្រ គឺជាភាគីដែលទំនងជាមិនយល់ព្រមសម្របសម្រួលទេ ជាពិសេសបានចាត់ទុកថាអ្វីដែលមិនស្របតាមផលប្រយោជន៍របស់ខ្លួន គឺជាការខាតបង់៕

