
នាឱកាសនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Alvin Tan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម, ក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី។
នៅក្នុងជំនួបនេះ, លោករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-សិង្ហបុរី ដែលសម្រេចបាននាពេលកន្លងមក និងមានទស្សនៈរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យបានកាន់តែស៊ីជម្រៅ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរបន្ថែមទៀត។
សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២៤ ភ្ញៀវទេសចរសិង្ហបុរី មកកម្ពុជា មានចំនួន ៤៥.៨៩៥ នាក់ កើនឡើង ៤,៦%, ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៥ ភ្ញៀវទេសចរសិង្ហបុរី មានចំនួន ២៩.១២១ នាក់ កើនឡើង ៣,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕

