
ភ្នំពេញ៖ សហរដ្ឋអាមេរិក និងកម្ពុជា បានចាប់ផ្តើមគំនិតផ្តួចផ្តើមរួមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់គ្រងប្រភេទទំនិញយុទ្ធសាស្រ្តទ្វេមុខ ដោយជំរុញយុទ្ធសាស្រ្តគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ-Pathway to Weapons of Mass Destruction Strategic Trade Management Initiative (PWMD-STMI) ដើម្បីបង្កើនការការពារសន្តិសុខតាមព្រំដែនរបស់កម្ពុជា ប្រឆាំងអាវុធមហាប្រល័យ និងជំរុញកំណើនសេដ្ឋកិច្ច ដើម្បីធ្វើឱ្យប្រទេសរបស់យើងកាន់តែមានសុខសុវត្ថិភា។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ។
ស្ថានទូតអាមេរិក បានថ្លែងអំណរគុណដល់ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (NACW) និងកម្មវិធីការត្រួតពិនិត្យការនាំចេញ និងសន្តិសុខព្រំដែន (EXBS) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមគំនិតផ្តួចផ្តើមរួមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់គ្រងប្រភេទទំនិញយុទ្ធសាស្រ្តទ្វេមុខ។
ជាមួយគ្នា កម្ពុជា និងអាមេរិក នឹងជំរុញយុទ្ធសាស្រ្តគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ #WMDStrategicTradeManagement ដើម្បីបង្កើនការការពារសន្តិសុខតាមព្រំដែនរបស់កម្ពុជាប្រឆាំងអាវុធមហាប្រល័យ និងជំរុញកំណើនសេដ្ឋកិច្ច ដើម្បីធ្វើឱ្យប្រទេសរបស់យើងកាន់តែមានសុខសុវត្ថិភាព។
តាមប្រភពពីក្រសួងការពារជាតិ បានឱ្យដឹងថា ថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាគណអធិបតី ក្នុងកម្មវិធីបើកនៃកិច្ចចាប់ផ្តើមគម្រោង ស្តីពី “ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ - Pathway to Weapons of Mass Destruction Strategic Trade Management Initiative (PWMD-STMI) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Le Royal Phnom Penh៕



