លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានដឹកនាំក្រុមការងារជំនាញចម្រុះ និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចុះពិនិត្យឃ្លាំង២កន្លែងដែលបានស្តុកទុកសាច់បង្កកឬហៅថាសាច់ក្លាស្សេនោះ ស្ថិតនៅភូមិបាលិលេយ្យ២ និងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ បន្ទាប់ពីមានកិច្ចកិច្ចប្រជុំរបស់អាជ្ញាធរនិងសមត្ថកិច្ចជំនាញ កម្លាំងអន្តរាគមន៍ពាក់ព័ន្ធដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កកនិងការលក់សាច់បង្កកដែលគ្មានប្រភពច្បាស់លាស់និងខូចគុណភាព នៅតាមទីផ្សារនិងដែលប្រើប្រាសសារធាតុគីមីលើសកម្រឹតក្នុងភូមិសាស្ត្រក្នុងខេត្ត។
និងក៏ចង់ជំរុញផលិតកម្មក្នុងស្រុក និងការពារសុខភាពរបស់ពលរដ្ឋជាអ្នកបរិភោគនិងប្រើប្រាសត្រី សាច់បង្កកផងដែរ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យអោយដឹងថា: មន្ត្រីអាជ្ញាធរ មន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាលខេត្តនិងមន្ត្រីកបបសាខាខេត្តបានដកហូតយកសាច់បង្កកចំនួន៦ប្រភេទរួមមាន : សាច់ទាមូល ចុងស្លាបមាន់ គល់ស្លាប់មាន់ ស្លាបកណ្ដាល ភ្លៅមាន់ និងប្រហិតសាច់ជ្រូក រួចយកសំណាកទៅពិសោធន៍រកសារធាតុគីមី ហាមឃាត់ដែលដាក់បង្កកនិងជាមួយសាច់ទាំងនោះ ដើម្បីរកឲ្យឃើញថា តើសាច់បង្កកទាំងនោះ នៅមានគុណភាពល្អ មិនមានសារធាតុគីមីហាមឃាត់និងរក្សាទុកតាមស្តង់ដាបច្ចេកទេសដែរឬអត់ ឬក៏វាបង្កផលប៉ះពាលដល់អនាម័យនិងសុខភាពពលរដ្ឋជាអ្នកបរិភោគ ?
គួរបញ្ជាក់ថា ការដកហូតគ្រឿង សាច់បង្កកចំនួន២៨០គីឡូក្រាម ។ ការពិនិត្យឃើញថា វារយ:ពេលយូរលើសរយ:ពេលកំណត់ មានក្លិនស្អុយ នឹងខូចគុណភាពទៅហើយ។
មន្ត្រូីចម្រុះ ដែលរួមមានមន្ត្រីជំនាញនៃមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋានផងដែរសម្រេចនាំយកសាច់និងគ្រឿងទាំងនេះ យកទៅដុតកំទេចចោលតាមបច្ចេកទេស.ដើម្បីទប់ស្កាត់និងបញ្ជៀសវាងដល់ពលរដ្ឋជាអ្នកបរិភោគ ។
នាឱកាសនោះលោក ឃ្លោក នួយ បានលើកឡើងថា : ដើម្បីទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន សូមឱ្យមន្ត្រីអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងអង្គភាពឬស្ថាប័នដែលមានការពាក់ព័ន្ធ ជួយសហការទប់ស្កាត់ បង្ក្រាបបទល្មើសទាំងតាមព្រំដែននិងក្នុងភូមិសាស្ត្រឲ្យខានតែបាន ។
ជាពិសេសក្នុងបរិបទជម្លោះព្រំដែនកម្ពុជា ថៃ ហើយកម្ពុជាបានហាមឃាត់នូវការនាំចូលប្រទេសនូវទំនិញម្ហូបអាហារនិងរបស់ប្រើប្រាសមួយចំនួន។
ប៉ុន្តែ គេនៅតែរកឃើញថា មានឈ្មួញទុច្ចរឹតខ្លះនៅតែលួចនាំទំនិញហាមឃាត់និងគេចពន្ធតាមច្រករបៀងតាមបណ្ដោយព្រំដែននៃភូមិសាស្ត្រក្រុង-ស្រុកចំនួន៥ នៅក្នុងខេត្ត ៕






