ស្វាយរៀង៖ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានសម្រេចចោទប្រកាន់ជនសង្ស័យ ចំនួន ០៩ នាក់ ដែលពាក់ព័ន្ធនឹងករណី “រំដោះជនជាប់ចោទ” ដែលបានកើតឡើងចន្លោះថ្ងៃទី១៦-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ នៅជិតបរិវេណ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងបានបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនិតិវិធី។
នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទទួលចាត់ការលើ សំណុំរឿងពាក់ព័ន្ធករណី លួចរត់, ទិញ-លក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប៉ុនប៉ងឃាតកម្ម ពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបង្កដោយជនសង្ស័យ ចំនួន ០៩ នាក់។
តាមរបាយការណ៍បានឱ្យដឹងថា ជនសង្ស័យទាំង៩នាក់ រួមមាន៖ ទី១- ឈ្មោះ ផាម វ៉ាន់បាវ (PHAM VAN BAO) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ វៀតណាម, ២- ឈ្មោះ ឡេ វាំងថិនហ្វុង (LE QUANG THANH) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម, ៣- ឈ្មោះ ចឹង ថាញ់ហឹង (TRAN THANH HUNG) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម, ៤- ឈ្មោះ យឿង ហុកដាក (DUONG PHUC DAT) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម, ៥- ឈ្មោះ ង្វៀង វ៉ាន់សឺង (NGUYEN VAN SON) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម, ៦- ឈ្មោះ ង្វៀង ធីហាយវ៉ាន់ (NHUYEN THI HAI VAN) ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម, ៧- ឈ្មោះ កែវ សុធី ហៅ ថាន់ហ្វុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ, ៩- ឈ្មោះ ស៊ីន ហៅ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ និងទី៩- ឈ្មោះ យឿង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម (គេចខ្លួន) ។
ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យលើភស្តុតាងនានា ក្នុងសំណុំរឿង និងរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យជាជនជាតិវៀតណាម ចំនួន ០៧ នាក់ (គេចខ្លួនចំនួន ០១ នាក់) និងជនជាតិខ្មែរ ចំនួន ០២ នាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៦៩៧ អ.យ.ឃ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីបទ៖ «ផ្តើមគំនិត ក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ, លួចរត់មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ជនបរទេស), ទិញ លក់អាវុធដោយគ្មានការអនុញ្ញាត (ជនបរទេស), សមគំនិតក្នុងអំពើទិញលក់អាវុធដោយគ្មានការអនុញ្ញាត (ជនបរទេស), ផ្តល់មធ្យោបាយលួចរត់មានស្ថានទម្ងន់ ទោស, ប៉ុនប៉ងឃាតកម្ម និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចបរិវេណសាលាដំបូងខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៧, មាត្រា ២៨, មាត្រា ២៩, មាត្រា ១៩៩, មាត្រា ២១៨, មាត្រា ៥៦០, មាត្រា ៥៦៤ និងមាត្រា ៥៦៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៨, មាត្រា ២០ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
សូមរំឭកថា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមឧក្រិដ្ឋជនមួយក្រុម ប្រើប្រាស់ជិះរថយន្ត ០១ គ្រឿង ម៉ាក់ លុចស៊ីស CT200 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CA 0692 ប្រដាប់ដោយអាវុធចូលរំដោះអ្នកទោសនៅតុលាការខេត្តស្វាយរៀងនេះ ខណៈពេលមន្ត្រីពន្ធនាគារដឹកបញ្ជូនពិរុទ្ធជនបញ្ជូនទៅតុលាការ ដើម្បីសាវនាការ។ ភ្លាមៗនោះ សមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការតាមប្រមាញ់ក្រុមឧក្រិដ្ឋជន បានមកវិញ សរុបចំនួន ០៩ នាក់ ក្នុងនោះរត់រួចតែម្នាក់ប៉ុណ្ណោះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕





