ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធ ចំនួន ០៣ នាក់ ដែលធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង ដោយដកហូតអាវុធខ្លី ចំនួន ០៣ ដើម និងសម្ភារៈមួយចំនួនទៀត។
តាមប្រភពបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការដោយមានការចូលរួមពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ចាម និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវ និងបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់យ៉ាងសកម្ម) ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងបណ្តារាជធានី-ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ និងអាវុធខ្លី០៣ដើម។
ជនសង្ស័យទាំង៣នាក់ ទី១៖ ឈ្មោះ គុណ បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួន នៅចំណុចសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី២៖ ឈ្មោះ ចាន់ ប្រុសពេជ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ និងទី៣៖ ឈ្មោះ ចាប មករា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួន ត្រង់ចំណុច ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតអាវុធខ្លី ចំនួន ០៣ ដើម ម៉ាក K54, ម៉ាក CF98 និងម៉ាក Glock19។
បច្ចុប្បន្ន ជនសង្ស័យកំពុងបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕



