ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចបង្កើត “ក្រុមការងារចំពោះកិច្ច” ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាព នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង។ នេះបើយោងតាមសេចក្តីសម្រេចស្តីពីការបង្កើតការងារចំពោះកិច្ចរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី២៧ ខែវិច្ឆិកានេះ។
ក្រុមការងារចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា “ប្រធាន” និង ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស អនុប្រធាន ព្រមទាំងសមាជិក ចំនួន ០៦ រូបទៀត។
ក្រុមការងារមានភារកិច្ច ធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានសិទ្ធិជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ និងចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំង អ្នកដែលមានការពាក់ព័ន្ធមកធ្វើការសាកសួរ-បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្តែង។
សូមជម្រាបថា ការចុះធ្វើអធិការកិច្ចលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ សាក់ សារ៉ាង ធ្វើឡើងបន្ទាប់ពីផ្ទុះរឿង សកម្មជនការពារព្រៃឈើ និងបរិស្ថាន លោក តាន់ គឹមសួរ បានរាយការណ៍អំពីសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ក្នុងការខេត្តក្រចេះ និងបានស្វែងរកអន្តរាគមន៍ជួយបង្ក្រាបបទល្មើសព្រៃឈើដែលលោកកំពុងប្រទះឃើញ តែមិនមានការចូលសហការពីមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ហើយថែមទាំងបញ្ជាឱ្យកូនចៅសួររកលិខិតបេសកកម្ម និងហៅឱ្យទៅបន្ទាយបេអឹម ដើម្បីសួរនាំ ប៉ុន្តែត្រូវលោក តាន់ គឺមសួរ បដិសេធមិនទៅនោះឡើយ ព្រោះជនល្មើសដឹកជញ្ជូនឈើខុសច្បាប់មិនហៅទៅសួរ បែរជាមកហៅពលរដ្ឋអ្នករាយការណ៍ពីបទល្មើសទៅវិញទៀត។
តាមខ្លឹមសារសកម្មជនការពារព្រៃឈើ និងបរិស្ថាន លោក តាន់ គឹមសួរ បានសរសេរថា “លោកមេប៉េអឹមខេត្តក្រចេះ ចង់ហៅខ្ញុំទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ទាំងដែលខ្ញុំប្រាប់ថា ខ្ញុំកំពុងតែជាប់បំពេញការងារ តើលោកមានចេតនាអ្វីឱ្យពិតប្រាកដដែរ? លោកគួរហៅជនសង្ស័យដែលប្រព្រឹត្តិបទល្មើសទៅសួរនាំត្រូវជាង”។
ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា “ករណីមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានទៅសួរនាំលោក តាន់ គីមសួរ ដែលបានបង្ហោះតាមបណ្ដាញព័ត៌មានសង្គមនេះ បានបានទទួលព័ត៌មានភ្លាមៗ ពីលោក តាន់ គីមសួរ ហើយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំដល់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ រួចហើយ”។
អ្នកនាំពាក្យកងរាជអាវុធហត្ថបញ្ជាក់ទៀតថា “កម្លាំងជំនាញព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងចុះទៅសហការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើតំបន់នោះផងដែរ”។
លោក តាន់ គឹមសួរ បានបញ្ជាក់លើបណ្តាញសង្គមថា “លោកបានដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) យូរហើយអំពីករណីអន្តរាគមន៍បទល្មើសធនធានធម្មជាតិរបស់ លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ភ្ជាប់ជាមួយទាំងភ័ស្តុតាង តែអង្គភាពប្រឆាំងអំពើពុករលួយនៅមិនទាន់មានការឆ្លើយតបនៅឡើយ”។
ជុំវិញរឿងនេះ មហាជនរងចាំមើលថា ក្រុមការងារចំពោះកិច្ចកងរាជអាវុធហត្ថ ចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ រកឃើញកំហុសអ្វីខ្លះ? ហើយវាសនាមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ទៅជាបែបណា? ប្រសិនបើរកឃើញមានពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងកំហុសក្នុងការអនុវត្តតួនាទី-ភារកិច្ចផ្សេងៗទៀត៕









