2025-11-27 17:29
5

ព្រះសីហនុ៖ នាវាទេសចរណ៍ធំមួយឈ្មោះ “WESTERDAM” មានសញ្ជាតិហូល្លង់ បានវិលត្រឡប់មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្ដងទៀត ក្នុងយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមបរិយាកាសស្វាគមន៍សប្បាយរីករាយ និងសុវត្ថិភាពពេញលេញ។

ក្រោមការចង្អុលបង្ហាញរបស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំធីទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនភ្ញៀវទេសចរ ចំនួន ១.៨៩៦ នាក់ មកពី ៤២ សញ្ជាតិ ផ្សេងៗគ្នា រួមទាំងនាវិក ចំនួន ៨០០ នាក់ មកពី ៣៨ សញ្ជាតិ។

នាវាទេសចរយក្ស WESTERDAM មានប្រវែង ២៨៥.២២ ម៉ែត្រ ទទឹង ៣២.២០ ម៉ែត្រ និងជម្រៅ ៨.១ ម៉ែត្រ បានចុះចតដោយសុវត្ថិភាព និងស្ថិរភាពខ្ពស់។ បន្ទាប់ពីចុះចត ភ្ញៀវទេសចរត្រូវបានណែនាំអំពីតំបន់ទេសចរណ៍សក្តានុពលសំខាន់ៗរបស់ខេត្តព្រះសីហនុ ដូចជា តំបន់ឆ្នេរខ្សាច់ សួនជលសាស្ត្រ កោះធម្មជាតិ និងតំបន់វប្បធម៌ជាច្រើន។

ការមកដល់របស់នាវាទេសចរណ៍ WESTERDAM ម្តងនេះ ត្រូវបានចាត់ទុកថាជារូបិយប័ណ្ណសំខាន់មួយក្នុងការកសាងសេដ្ឋកិច្ចទេសចរណ៍ និងបង្កើនភាពទាក់ទាញរបស់ក្រុងព្រះសីហនុ ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ។

បើតាមការបញ្ជាក់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ចំនួន ៦២៣ នាក់ និងអូស្រ្តាលី ចំនួន ៥៣៩ នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ១៩និង០០នាទី នៅថ្ងៃដដែល៕