ក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីកាបរទេសអាស៊ាន ត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ធ្នូ ម្សិលមិញនេះ ជាលទ្ធផលឃើញថា សន្ទុះនៃការរិះគន់ស្ថាប័នអាស៊ានមានការហក់ឡើងខ្លាំងគួរឲ្យកត់សម្គាល់។
បន្ទាប់ពី អាស៊ាន បង្ហាញពីភាពកម្សោយរបស់ខ្លួន ក្នុងនាមជាស្ថាប័នមួយនៅអាស៊ីអាគ្នេយ៍ ដោយមិនអាចសូម្បីតែសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ ឲ្យវិលមកបន្ថយកម្ដៅបានផងនោះ ប្រជាជនកម្ពុជាមួយចំនួនធំហាក់អស់ជំនឿចិត្ត និងលែងដាក់ក្ដីរំពឹងទៅលើយន្តការរបស់អាស៊ានតទៀតទៅទៀតហើយ។
ផ្សេងពីនេះ យើងឃើញថា បើទោះបីជាទីក្រុងវ៉ាស៊ីនតោន ដែលជាមហាអំណាចពិភពលោកមួយ បានបើកត្រចៀកស្ដាប់ និងព្រមបើកភ្នែកមើលឃើញថា ថៃជាអ្នកបង្កើតរូបរាងសង្គ្រាមឲ្យលេចឡើងសារជាថ្មីលើកម្ពុជាយ៉ាងខ្លាំងក្លាក៏ដោយ ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក ហាក់មិនទាន់បង្ហាញពីវិធីសាស្រ្តដាក់ទណ្ឌកម្មឲ្យមានប្រសិទ្ធភាពណាមួយ ក្នុងការអាចសង្កត់កថៃបាននោះទេ។
រឿងដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រោយការប្រើសំឡេងរបស់អាមេរិកថមថយឥទ្ធិពល មិនអាចបង្ក្រាបមហិច្ឆតាដ៏លើសលប់របស់ថៃដែលកំពុងចង់លេបត្របាក់ទឹកដីកម្ពុជាក្នុងពេលបច្ចុប្បន្ននេះបាន ឃើញថាទីក្រុងប៉េកាំង ក៏បានបង្ហាញខ្លួនម្ដង ដោយផ្ដើមប្រើធម៌ត្រជាក់ ក្នុងការចូលខ្លួនលួងលោមឲ្យថៃបោះចោលមហិច្ឆតាបង្ករសង្គ្រាមលើកម្ពុជា តែជាលទ្ធផលហាក់មិនទាន់ទទួលបានផ្លែផ្កាដូចគ្នា។
ឈ្មោះជាប្រទេសមហាអំណាចលើពិភពលោក ប៉ុន្តែបែរជាមិនអាចជាន់កថៃបាន តើអាមេរិក និងចិន កំពុងប្រើយុទ្ធសាស្រ្ត ត្រជាក់ស៊ីជ្រៅ ទៅលើប្រទេសដ៏រឹងទទឹងនេះជាមុនសិន រួចចាំបញ្ចេញចង្កូមលេបត្របាក់ថៃជាក្រោយឬយ៉ាងណា?
ត្រឹមជម្លោះដែលកំពុងក្ដៅគគុកនៅព្រំដែនកម្ពុជា-ថៃ ដែលបង្ករឡើងដោយយោធារបស់ទីក្រុងបាងកក បើកការបាញ់ប្រហារលើដែនអធិបតេយ្យកម្ពុជាមុន តាំងពីថ្ងៃទី០៧ ធ្នូ រហូតដល់ថ្ងៃទី២៣ ខែធ្នូនេះ ឃើញថាសូម្បីតែស្ថាប័នអាស៊ាន ច្បាប់អន្តរជាតិ និងការលូកដៃសម្របសម្រួលពីភាគីមហាអំណាចផ្សេងទៀត ក៏មិនអាចបង្ក្រាបភាពឈ្លើយ និងចរិតកោងកាចរបស់ថៃបានផង ធ្វើឲ្យយើងនឹកឃើញទស្សនៈរបស់ លោក ហ្សេលែនស្គី ប្រធានាធិបតីអ៊ុយក្រែន កំពុងត្រូវបានរុស្ស៊ីឈ្លានពានទឹកដីក្នុងប្រទេសលោកឥតឈប់ឈរដូចគ្នានោះ លើកឡើងថា ប្រទេសមួយដែលចង់បានសន្តិភាព ចាំបាច់ត្រូវប្រឹងពង្រឹងសព្វាវុធរបស់ខ្លួនឱ្យខ្លាំង។
ត្បិតវាមិនមែនជារឿងល្អ តែវាជាការពិត។ ព្រោះមិនមែនច្បាប់អន្តរជាតិ ឬកិច្ចសហប្រតិបត្តិការឡើយ គឺសព្វាវុធទៅវិញទេដែលជាអ្នកសម្រេចជោគវាសនាស្លាប់រស់របស់ប្រទេសមួយ។
ប្រធានាធិបតីកំសត់អ៊ុយក្រែនរូបនេះបន្តរិះគន់ចំៗថា ច្បាប់អន្តជាតិគ្មានប្រសិទ្ធភាពនោះទេ លុះត្រាតែអ្នកមានមិត្តដែលមានឥទ្ធិពលធំ ហើយមានឆន្ទៈពិតប្រាកដក្នុងការគាំទ្រអ្នក ព្រោះស្ថាប័នអន្តរជាតិគ្មានសមត្ថភាពអាចបញ្ឈប់សង្គ្រាមបានឡើយ នេះហើយគឺជាកម្រិតធ្លាក់ចុះទន់ខ្សោយនៃស្ថាប័ននេះ។
តាមការលើកឡើងពីប្រធានាធិបតីអ៊ុយក្រែនខាងលើ សបញ្ជាក់ឲ្យយើងឃើញពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ដែលកំពុងរងការឈ្លានពានយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងរដ្ឋាភិបាលទីក្រុងបាងកក ជាក់ស្ដែងឃើញថា ទាំងការថ្កោសទោសពីអន្តរជាតិ និងការអំពាវនាវពីមហាអំណាចពិភពលោក ពិតជាមិនទាន់អាចបង្ក្រាបការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជាបានពិតមែន៕




