2025-12-22 13:44
8

ភាពលោភលន់ ឈ្លក់នឹងអំណាចក្នុងប្រទេស ថៃចាប់ផ្ដើមបើកការឈ្លានពានពេញទំហឹងលើកម្ពុជាតាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី២២ ខែធ្នូនេះ ដោយមិនទាន់មានសញ្ញាបញ្ចប់ជម្លោះតាមព្រំដែនកម្ពុជា-ថៃនៅឡើយ។ 

មហាអំណាចមួយចំនួនដូចជា អាមេរិក ចិន សហគមអឺរ៉ុប រួមនឹងប្រធានអាស៊ានម៉ាឡេស៊ី បានប្រឹងបង្ហើបសំឡេងរបស់ពួកគេ អំពាវនាវទៅកាន់ភាគីថៃជាច្រើនដង ដើម្បីឲ្យប្រទេសដ៏រឹងរូសនេះងាកទៅគោរពបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួ វិញ។ 

តែថៃនៅតែចចេសមិនព្រមស្ដាប់ និងបន្តរឹងទទឹងប្រើអាវុធធន់ធ្ងន់គ្រប់ប្រភេទរួមមាន យន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោមជាដើម ទម្លាក់ចូលដីកម្ពុជាឥតស្រាកស្រាន្ត រហូតធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ ផ្ទះសម្បែង វត្តអារាម សម្បត្តិបេតិកភណ្ឌពិភពលោក និងអាយុជីវិតជនស៊ីវិលស្លូតត្រង់កម្ពុជាជាច្រើននាក់បានរងរបួស និងបាត់បង់ជីវិតជាបន្តបន្ទាប់។

សំណួរសួរថា ប្រសិនប្រទេសមហាអំណាចមិនអាចបង្ក្រាបឥទ្ធិពលឈ្លានពានរបស់ថៃលើដីកម្ពុជាបាន តើអនាគតសណ្ដាប់ធ្នាប់ពិភពលោកនឹងទៅជាយ៉ាងណា?

ក្នុងន័យនេះ ប្រសិនជាការលូកដៃពីភាគីទីបីដែលជាមហាអំណាចពិភពលោកដូចជា បងធំអាមេរិក សម្ព័ន្ធមិត្តចិន និងសហគមន៍អឺរ៉ុប ត្រូវបានថៃចាត់ទុកថាមានទឹកមាត់សាប មិនព្រមស្ដាប់ និងបន្តរឹងទទឹងរុលឈ្លានពានចូលដីកម្ពុជា ទាំងអន្តរជាតិផ្សេងទៀតបានដឹងឮនិងឃើញ ហើយមិនព្រមចាត់វិធានការដាក់ទណ្ឌកម្មសង្កត់កប្រទេសនេះឲ្យវិលមកគោរពអធិបតេយ្យភាពប្រទេសជិតខាង នោះអនាគតរបស់ពិភពលោកនឹងរងផលប៉ះពាល់ខ្លាំង។

ពេលនោះ ប្រទេសដទៃទៀតនឹងយល់ថា សណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ នឹងខ្សោយខ្លាំង ដោយហេតុថា បច្ចុប្បន្នសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើគោលការណ៍គោរពអធិបតេយ្យភាពប្រទេសដោយមិនប្រើកម្លាំងយោធាឈ្លានពាន និងដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិជាដើម ប៉ុន្តែបើការឈ្លានពានមិនត្រូវទប់ស្កាត់ នោះមានន័យថា ច្បាប់អន្តរជាតិបាត់អំណាច ហើយកម្លាំងនឹងត្រូវប្រើជាជាងការគោរពច្បាប់។ 

លើសពីនេះ វានឹងក្លាយទៅជាគំរូអាក្រក់ដល់ប្រទេសផ្សេងៗទៀត មិនត្រឹមតែអាស៊ីអាគ្នេយ៍ទេប៉ុន្តែប្រទេសដទៃទៀត នឹងចាប់ផ្ដើមយល់ឃើញថា “បើអ្នកខ្លាំងគ្រប់គ្រាន់ អ្នកអាចយកដីអ្នកខ្សោយបាន ដោយគ្មានទណ្ឌកម្ម”។ 

ពេលនោះ ស្ថាប័នអន្តរជាតិ នឹងលែងមានប្រសិទ្ធភាព ព្រោះបើក្នុងករណីត្រឹមជម្លោះព្រំដែនកម្ពុជា-ថៃ UN ឬ ASEAN មិនអាចការពារប្រទេសតូចមួយបាន នោះប្រទេសតូចៗនឹងបាត់ជំនឿលើការទូតពហុភាគី ហើយពួកគេនឹងបែរទៅរកមធ្យោបាយប្រើប្រាស់ កម្លាំងយោធា ជំនួសច្បាប់ ជាហេតុនាំឲ្យពិភពលោកកាន់តែមិនមានស្ថិរភាព។

រឿងដែលកាន់តែគួរឲ្យព្រួយបារម្ភនោះ តំបន់អាស៊ីអាគ្នេយ៍អាចក្លាយជាតំបន់តានតឹងយោធា ដោយហេតុថាគោលការណ៍របស់ ASEAN តែងតែអះអាងថា“សន្តិភាព និងមិនប្រើកម្លាំង” ប៉ុន្តែប្រសិនបើគោលការណ៍នេះបរាជ័យ នោះ ប្រទេសនានាអាចបង្កើនការទិញអាវុធ ហើយជម្លោះព្រំដែនអាចក្លាយជាសង្គ្រាមពេញលេញ ជាលទ្ធផលវិស័យសេដ្ឋកិច្ចតំបន់ និងការវិនិយោគលើវិស័យជាច្រើនទៀតនឹងត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ។

សរុបជារួម ប្រសិនប្រទេសមហាអំណាចមិនអាចទប់ស្កាត់ការឈ្លានពានរបស់ថៃលើកម្ពុជាបាន នោះសណ្ដាប់ធ្នាប់ពិភពលោកនឹងផ្លាស់ប្ដូរពីការគោរពច្បាប់ ទៅជាការប្រើកម្លាំង។ ហើយវាអាចជាសញ្ញាអាសន្ន មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ ប្រទេសតូចទាំងអស់នៅលើពិភពលោកតែម្ដង៕