2026-02-01 10:15
14

BARA/KARACHI ប្រទេសប៉ាគីស្ថាន (រ៉យទ័រ)៖ ពិភពលោកលែងស្ថិតក្នុងភាពស្ងប់ស្ងាត់ដូចមុនទៀតហើយ បច្ចុប្បន្ននេះរឿងអ្វីក៏អាចកើតមានបានដែរ ហើយពាក្យថាសន្តិភាព ហាក់លែងមានទម្ងន់ សម្រាប់ប្រទេសដែលកំពុងស្រែកឃ្លានសង្គ្រាម។ តាមការចេញផ្សាយពី  Reuter បានឲ្យដឹងពីស្ថានការណ៍ដែលកំពុងកើតមានភាពវឹកវរនៅប៉ាគីស្ថានថា ខណៈនេះមនុស្សរាប់ម៉ឺននាក់ កំពុងបានភៀសខ្លួនចេញពីតំបន់ភ្នំដាច់ស្រយាលមួយនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានការព្រមានពីវិហារអ៊ីស្លាម ក្នុងការជំរុញឱ្យក្រុមគ្រួសារជាច្រើននៅប្រទេសនេះត្រូវជម្លៀសខ្លួនចេញ មុនពេលមានសកម្មភាពយោធាដ៏ឃោរឃៅ អាចកើតមានឡើងដើម្បីជាការប្រឆាំងនឹងពួកសកម្មប្រយុទ្ធអ៊ីស្លាម។

តាមសម្ដីដែលចេញពីមាត់អ្នកស្រុកនៅជ្រលងភ្នំ Tirah ក្នុងខេត្ត Khyber Pakhtunkhwa នៃប្រទេសប៉ាគីស្ថាន ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ពួកគេបានរើចេញពីតំបន់ទៅកាន់ទីក្រុងក្បែរៗនោះ បើទោះបីជាមានព្រិលធ្លាក់ខ្លាំង និងសីតុណ្ហភាពក្នុងរដូវរងាត្រជាក់ខ្លាំងក៏ដោយ ដោយសារតែការប្រកាសដើម្បីជៀសវាងការប្រយុទ្ធដែលអាចកើតមានជាមួយពួកសកម្មប្រយុទ្ធអ៊ីស្លាម។

យ៉ាងណាក៏ដោយ ទាំងរដ្ឋាភិបាល និងយោធាប៉ាគីស្ថាន នៅមិនទាន់ចេញការអះអាងច្បាស់ការណាមួយ ក្នុងការបញ្ជាក់ពីពេលវេលានិងគម្រោងក្នុងការប្រើកម្លាំងយោធាទៅលើពួកសកម្មប្រយុទ្ធអ៊ីស្លាមនោះទេ ប៉ុន្តែដើម្បីសុវត្ថិភាពមនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសនេះ ពួកគេក៏ត្រូវសម្រេចចិត្តភៀសខ្លួនមួយរយៈសិន ដើម្បីបង្ការរូបភាពប្រើកម្លាំងយោធាណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ពួកគេ៕