2026-02-01 11:06
15

ហ្វីលីពីន៖ ក្នុងអំឡុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅមណ្ឌលព័ត៌មាន Media Center លើកោះសេប៊ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦ លោកស្រី Theresa Lazaro បានលើកឡើងថា “មិនមានអ្នកសារព័ត៌មានណាម្នាក់សួរអំពីជម្លោះព្រំដែន កម្ពុជា-ថៃ ឡើយ ក្នុងពេលសន្និសីទកំពុងដំណើរការ”។ 

សន្និសីទសារព័ត៌មាននេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំ AMM Retreat ប្រហែលកន្លះម៉ោង ដោយមានអ្នកសារព័ត៌មានចូលរួមភាគច្រើនជាជនជាតិហ្វីលីពីន ខណៈដែលមិនមានវត្តមានអ្នកសារព័ត៌មានមកពីកម្ពុជា។ សំណួរដែលត្រូវបានលើកឡើងភាគច្រើនផ្តោតទៅលើជម្លោះនៅសមុទ្រចិនខាងត្បូង និងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលជាប្រធានបទធំៗក្នុងតំបន់ និងពាក់ព័ន្ធដោយផ្ទាល់នឹងផលប្រយោជន៍សន្តិសុខរបស់ហ្វីលីពីន។ 

អ្នកវិភាគមើលឃើញថា ការអវត្តមានសំណួរអំពីជម្លោះព្រំដែន កម្ពុជា-ថៃ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាផលប៉ះពាល់ពីបរិបទសារព័ត៌មាន និងការទូត។ ជម្លោះកម្ពុជា-ថៃ ត្រូវបានចាត់ទុកថាជាបញ្ហាទ្វេភាគី ដែលមិនទាន់ក្លាយជាបញ្ហាសន្តិសុខតំបន់របស់អាស៊ាន ខណៈដែលអ្នកសារព័ត៌មានបរទេសភាគច្រើន មានទំនោរចោទសួរលើប្រធានបទដែលប្រទេសរបស់ខ្លួនពាក់ព័ន្ធផ្ទាល់។ 

បន្ថែមពីនេះ នៅថ្ងៃដែលកិច្ចប្រជុំ AMM Retreat ចាប់ផ្តើម កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ទំនាក់ទំនងការទូតរវាងហ្វីលីពីន និងចិនបានឡើងកម្តៅខ្លាំង បន្ទាប់ពីមានសង្គ្រាមពាក្យសម្តីជុំវិញជម្លោះសមុទ្រចិនខាងត្បូង រហូតដល់មានការព្រមានដេញមន្ត្រីទូត និងគម្រាមដកឯកអគ្គរដ្ឋទូតចិនចេញពីហ្វីលីពីន។ បរិបទដ៏តានតឹងនេះ បានធ្វើឱ្យការចាប់អារម្មណ៍របស់អ្នកសារព័ត៌មានផ្តោតស្ទើរតែទាំងស្រុងទៅលើបញ្ហាចិន-ហ្វីលីពីន។ 

យ៉ាងណាក៏ដោយ ក្រោយសន្និសីទសារព័ត៌មានបានបញ្ចប់ អ្នកសារព័ត៌មានមួយចំនួនបានសួរបន្ថែម លោកស្រី Theresa Lazaro អំពីជម្លោះព្រំដែន កម្ពុជា-ថៃ ដែលលោកស្រីបានឆ្លើយដោយខ្លីថា៖

“There was no breakthrough regarding the Thailand–Cambodia border dispute issue - មិនមានការរីកចម្រើន ឬការសម្រេចអ្វីឡើយ ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ”។ 

ការឆ្លើយតបខ្លីនេះ បង្ហាញថា បញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ មិនទាន់ក្លាយជាចំណុចអាទិភាពក្នុងវេទិកាអាស៊ាននៅពេលនេះទេ ហើយក៏ឆ្លុះបញ្ចាំងពីការពិតថា ក្នុងវេទិកាអន្តរជាតិ សំឡេងសារព័ត៌មាន និងអវត្តមានរបស់វា មានឥទ្ធិពលយ៉ាងខ្លាំងលើអ្វីដែលត្រូវបានលើកយកមកពិភាក្សា៕