2026-02-19 10:40
11

ជាប្រវត្តិសាស្រ្តថ្មីស្រឡាងមួយសម្រាប់កម្ពុជាកាលពីម្សិលមិញ ក្រោយ សម្ដេច ហ៊ុន ម៉ាណែត បានលើកពីការឈ្លានពាន និងឈរជើងកាន់កាប់ទឹកដីខ្មែរពីសំណាក់យោធាថៃ ទៅកាន់ Reuter ដែលជាសារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញមួយ។ 

មិនមែនជាការសម្ដែងទេ តែក្រោយមេដឹកនាំកម្ពុជា ពោលពាក្យ១ឃ្លាយ៉ាងចុកនិងពោរពេញដោយទឹកមុខស្រងេះស្រងោចថា៖ « ក្រោយសេចក្តីថ្លែងការណ៍សន្តិភាពចុះជាធរមាន ..ថៃបានរំលោភបំពានយ៉ាងជ្រៅចូលដែនអធិបតេយ្យភាពកម្ពុជា បង្កទុក្ខវេទនាយ៉ាងខ្លាំងសម្បើមដល់ប្រជាជនខ្ញុំ!» ។ 

មួយម៉ាត់របស់សម្ដេច ហ៊ុន ម៉ាណែត មិនត្រឹមតែធ្វើឲ្យរង្គើរអស់សារពត៌មានក្រុងបាងកកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីរដ្ឋមន្ត្រីថៃជាច្រើនក៏ប្រញាប់ញាល់ឆូឆររៀបចំខ្លួនទៅប្រទេសបារាំង និងទីក្រុងហ្សឺណេវ ដើម្បីត្រៀមទប់ទល់នឹងកាទូតកម្ពុជាផងដែរ។

ដោយឡែក នៅព្រឹកថ្ងៃទី១៩ កុម្ភៈនេះ ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានចេញមកលាងខ្លួន និងបដិសេធការអះអាងទាំងស្រុងរបស់នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ The Nation។

ទាក់ទងនឹងបញ្ហាទីមួយ ដែលមេដឹកនាំកម្ពុជា បានថ្លែងថា «កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ហើយបានដំឡើងកុងតឺន័រដឹកជញ្ជូន និងលួសបន្លា ដែលធ្វើឱ្យជនភៀសខ្លួនប្រមាណ ៨០.០០០ នាក់មិនអាចវិលត្រឡប់ទៅផ្ទះវិញបាន»។ 

អ្នកនាំពាក្យខាងលើបានឆ្លើយតបថា៖ តំបន់ទាំងនេះជារបស់ថៃតាំងពីយូរមកហើយ។ ដោយពីអតីតកាល ថៃបានផ្តល់ជម្រកទាំងនេះសម្រាប់ជនភៀសខ្លួនកម្ពុជាដែលរត់គេចពីសង្គ្រាម ប៉ុន្តែក្រោយ បញ្ចប់ជម្លោះ ជនស៊ីវិល និងទាហានកម្ពុជាបែរជាមិនត្រឡប់ទៅប្រទេសរបស់ពួកគេវិញ និងបន្តពង្រីកសហគមន៍ជាបន្តបន្ទាប់ ដោយរំលោភលើអធិបតេយ្យភាពថៃ។ 

ចំពោះការកាន់កាប់ដីធ្លី ការដំឡើងកុងតឺន័រ និងលួសបន្លានៅក្នុងតំបន់គ្រប់គ្រង លោក ស៊ូវ៉ារី បន្តលាងខ្លួនឯងថា យោធាថៃត្រូវធ្វើប្រតិបត្តិការយោធាក្នុងតំបន់ទាំងនោះ ដើម្បីទប់ស្កាត់ការវាយប្រហារ និងការគំរាមកំហែងដល់អាយុជីវិតរបស់ទាហាន និងជនស៊ីវិលថៃ ដែលស្ថិតនៅក្រោមសិទ្ធិការពារខ្លួនស្របតាមគោលការណ៍អន្តរជាតិ។

ដោយមិនមានចេតនារំលោភលើអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់ប្រទេសណាមួយឡើយ។ វាគឺជាវិធានការបណ្ដោះអាសន្នមួយដើម្បីធានាសុវត្ថិភាពតំបន់ប៉ុណ្ណោះ ដើម្បីជួយកាត់បន្ថយហានិភ័យនៃការប្រឈមមុខដាក់គ្នា និងការប៉ះទង្គិចគ្នារវាងកងទ័ព និងជនស៊ីវិល។ 

ចុងក្រោយ ទាក់ទងនឹងការអំពាវនាវរបស់នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួមថៃ-កម្ពុជា (JBC) ចាប់ផ្តើមដោះស្រាយជម្លោះព្រំដែន អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ភាគីថៃត្រៀមខ្លួនជាស្រេច ក្នុងការប្រើប្រាស់យន្តការទ្វេភាគីគ្រប់កម្រិត ដើម្បីដោះស្រាយជម្លោះ និងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ នៅពេលដែលភាគីទាំងពីរត្រៀមខ្លួនរួចរាល់។ 

ប៉ុន្តែការត្រៀមនេះ ត្រូវអាស្រ័យលើកត្តាជាច្រើន រួមមាន ការថយចុះនៃភាពតានតឹងយោធា សុវត្ថិភាពពីគ្រាប់មីននៅតំបន់ព្រំដែន និងការត្រៀមខ្លួនរបស់រដ្ឋាភិបាលថៃ ដែលកំពុងស្ថិតក្នុងដំណើរការបង្កើតរដ្ឋបាលថ្មី។

តាមរយៈការបកស្បែកមុខថៃខ្ទេចគ្មានសល់លើបណ្ដាញព័ត៌មានអន្តរជាតិ ពីមេដឹកនាំកម្ពុជា ទីក្រុងបាងកកបែរជាហៅប្រជាជនកម្ពុជាដែលរស់លើដីខ្មែរថា ជាក្រុមមនុស្សដែលប្រព្រឹត្តអំពើខុសច្បាប់ និងរំលោភលើអធិបតេយ្យភាពថៃជាបន្តបន្ទាប់ក្នុងរយៈពេលជាយូរ ដែលដកហូតសិទ្ធិរបស់ពលរដ្ឋថៃក្នុងការប្រើប្រាស់តំបន់ដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់លើដីកម្ពុជាទៅវិញ៕