អ៊ីរ៉ង់ហាក់បង្ហាញចេតនាចង់ឲ្យអាមេរិកអាម៉ាសមុខ ដោយប្រទេសនេះបានបញ្ចេញយន្តហោះមួយប្រភេទ និងអួតប្រាប់ពិភពលោកថា យន្តហោះតម្លៃថោកមួយនេះហើយដែលអាចបាញ់កំទេចយន្តហោះតម្លៃថ្លៃរបស់ទីក្រុងវ៉ាស៊ីនតោនបាន។
តាមសារព័ត៌មាន Nour News បានដកស្រង់សេចក្តីថ្លែងការណ៍ពីអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅថ្ងៃទី29 ខែមីនាថា អ៊ីរ៉ង់បានប្រើយន្តហោះគ្មានមនុស្សបើក (UAV) ប្រភេទ Shahed-136 មានតម្លៃ 20,000 ដុល្លារ ដើម្បីកម្ទេចយន្តហោះចម្បាំង E-3 Sentry របស់អាមេរិក រហ័ស្សនាម “យន្តហោះភ្នែកអាកាស” ដែលមានតម្លៃជាង 500 លានដុល្លារឯណោះ។
អង្គភាពបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានចំអកឲ្យ លោក ត្រាំ ថា Shahed-136 របស់ខ្លួនមិនត្រឹមតែធ្វើឱ្យ E-3 Sentry របស់វ៉ាស៊ីនតោនខូចខាតយ៉ាងធ្ងន់ធ្ងរនោះទេ ប៉ុន្តែសូម្បីតែយន្តហោះដែលនៅក្បែរនោះក៏ខូចខាតផងដែរ។
នៅថ្ងៃដដែលនោះ ទីភ្នាក់ងារព័ត៌មាន Fars News របស់អ៊ីរ៉ង់ ក៏បានបង្ហោះវីដេអូ បង្ហាញបង្អួតរូបរាងយន្តហោះ Shahed-136 ឲ្យពិភពលោកបានឃើញ ដោយផ្នែកខាងមុខរបស់វាមានសញ្ញា ២ ដូចទៅនឹងរ៉ាដារ AN/TPY-2 នៃប្រព័ន្ធការពារមីស៊ីល THAAD និងរ៉ាដារ AN/MPQ-53 នៃប្រព័ន្ធការពារអាកាស Patriot របស់អាមេរិក។
ក្នុងឃ្លីបវីដេអូនោះ ក៏មានមនុស្សម្នាក់បានបិទរូបយន្តហោះ E-3 Sentry រហ័ស្សនាម “យន្តហោះភ្នែកអាកាស” របស់វ៉ាស៊ីនតោននៅក្បែរសញ្ញានោះទៀតផង។
Fars News ក៏បានបន្តបង្ហាញរូបមួយ មានសរសេរបញ្ជីគោលដៅ ដែលជាការបញ្ជាក់ថា អ៊ីរ៉ង់បានបំផ្លាញប្រព័ន្ធរ៉ាដារថ្លៃៗ និងទំនើបៗរបស់អាមេរិកដូចជា៖ AN/FPS-132 , AN/TPY-2 ,AN/MPQ-65 និង E-3 Sentry ។ អមជាមួយនឹងឃ្លាឌឺ លោក ត្រាំ ថា “បន្ទាប់ទៀតនឹងជាអ្វី?”
តាមរយៈការបង្ហាញពីសារព័ត៌មានខាងលើមានន័យថា អ៊ីរ៉ង់កំពុងបង្អួតសាច់ដុំឲ្យអាមេរិកបានដឹងថា ខ្លួនប្រើតែយន្តហោះគ្មានបើកតម្លៃថោកប៉ុណ្ណោះ ក៏អាចវាយគោលដៅសំខាន់ៗរបស់អាមេរិកបានដែរ។
ចំពោះរូបភាព និងវីដេអូ ដែលអ៊ីរ៉ង់បញ្ចេញគឺចង់ផ្សព្វផ្សាយឲ្យពិភពលោកបានភ្លឺភ្នែកថា “យើងមានសមត្ថភាពអាចកម្ទេចយន្តហោះរបស់ប្រទេសមហាអំណាចបាន” ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





