សម្ដី លោក ត្រាំ មិនទាន់មានទម្ងន់គ្រប់គ្រាន់ដែលអាចធ្វើឲ្យអង្គការណាតូរង្គើរនោះទេ។ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកពីរគណបក្ស (ទាំងប្រជាធិបតេយ្យ និងសាធារណរដ្ឋ) បានចេញមុខប្រឆាំងនឹងគំនិត លោក ត្រាំ ដែលចង់ដកសហរដ្ឋអាមេរិកចេញពី NATO។
តាមក្រុមឃ្លាំមើលរបស់ព្រឹទ្ធសភា NATO បានចេញមកបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអង្គការណាតូ បន្ទាប់ពីលោកប្រធានាធិបតី Trump បានគំរាមចង់ដកទីក្រុងវ៉ាស៊ីនតោនចេញពីសម្ព័ន្ធមិត្តខ្លួនបែបនេះ។
សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យ លោក ស្រី Jeanne Shaheen និងសមាជិកព្រឹទ្ធសភាសាធារណរដ្ឋ លោក Thom Tillis ដែលជាសហប្រធាននៃព្រឹទ្ធសភាអាមេរិក NATO Watch Group បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី3 ខែមេសានេះ ដោយអះអាងថា ប្រធានាធិបតីណាដែលពិចារណាដកខ្លួនចេញពីណាតូ "នឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក" និងផ្តល់ផលប្រយោជន៍ដល់សត្រូវវិញដូចជា រុស្ស៊ី និងចិនជាដើម។
តាមការដកស្រង់ប្រភពពី V.N. Express សមាជិកសភាទាំងពីរបានសង្កត់ធ្ងន់ថា សភា នឹងមិនអនុញ្ញាតឲ្យអាមេរិកដកខ្លួនចេញពីអង្គការណាតូឡើយ។ យោងលើសេចក្តីថ្លែងការណ៍រួមបានបន្ថែមទម្ងន់ថា "យើងកាន់តែរឹងមាំ នៅពេលដែលយើងឈរជាមួយសម្ព័ន្ធមិត្តរបស់យើង។ នោះគឺជាការពិតជាមូលដ្ឋាន ការមិនអើពើ នឹងធ្វើឱ្យយើងខាតបង់យ៉ាងធ្ងន់ធ្ងរ" ។
ការប្រញាប់បង្ហាញមុខចេញសេចក្ដីថ្លែងការណ៍រួមគ្នាពីសភាខាងលើ បន្ទាប់ពី លោក Donald Trump បានគំរាមដោយកំហឹងម្តងហើយម្តងទៀតថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីអង្គការ NATO ហើយនឹងធ្វើឲ្យសម្ព័ន្ធមិត្តទាំងនេះស្ថិតក្នុងជំហរមួយមិនច្បាស់លាស់បំផុតដែលមិនធ្លាប់មានពីមុនមក។
ទោះយ៉ាងនេះក៏ដោយ លោក ត្រាំ មិនអាចធ្វើអ្វីតាមតែចិត្តខឹងនោះទេ ព្រោះតាមផ្លូវច្បាប់ ប្រធានាធិបតីអាមេរិករូបនេះ មិនអាចដកទីក្រុងវ៉ាស៊ីនតោនដោយឯកតោភាគីចេញពីក្រុមចម្រុះបានឡើយ។
ដោយហេតុថា ការសម្រេចចិត្តនេះទាមទារការគាំទ្រពីសមាជិកព្រឹទ្ធសភាពីរភាគបីនៅក្នុងព្រឹទ្ធសភា ឬច្បាប់ដែលអនុម័តដោយសភាទាំងពីរ។
ដូច្នេះយោងតាមច្បាប់ខាងលើ សមាជិកព្រឹទ្ធសភាទាំងប្រជាធិបតេយ្យ និងសាធារណរដ្ឋជឿថា សេណារីយ៉ូទាំងពីរខាងលើទំនងជាមិនអាចធ្វើឲ្យ លោក ត្រាំ សម្រេចបំណងបានឡើយ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា
_1775193902.jpg)



