2026-04-10 11:38
15

វ៉ាស៊ីនតោន៖ ភរិយាលោក ដូណាល់ ត្រាំ លោកស្រី Melania Trump បានចេញសេចក្ដីថ្លែងការណ៍ទាំងកំហឹង ដោយបដិសេធទំនាក់ទំនងជាមួយ លោក Jeffrey Epstein ដែលជាមហាសេដ្ឋីប្រព្រឹត្តបទល្មើសផ្លូវភេទដ៏សាហាវបំផុត។ 

ស្រ្តីទីមួយ Melania Trump បាននិយាយថា លោកស្រីមិនដឹងអ្វីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មផ្លូវភេទរបស់ Jeffrey Epstein ទេ។  

Melania Trump បន្តបកស្រាយថា ការចោទប្រកាន់នេះជារឿងមិនពិតទាំងស្រុង ដែលនេះប្រៀបដូចជាការលាបពណ៌លោកស្រីយ៉ាងដូច្នេះដែរ។

អានសេចក្តីថ្លែងការណ៍មិនធម្មតាមួយនៅឯសេតវិមាន Melania Trump បានបន្ថែមថា លោកស្រីរួមនិងមេធាវីកំពុងប្រយុទ្ធប្រឆាំងនឹង "ការភូតកុហកដែលគ្មានមូលដ្ឋាន" ទាក់ទងនឹងទំនាក់ទំនងជាមួយមហាសេដ្ឋី ដែលជាជនល្មើសផ្លូវភេទដ៏អាក្រក់បំផុតលើពិភពលោក។ ភរិយាលោក ត្រាំ បានស្ដីបន្ទោសអ្នកចោទប្រកាន់លោកស្រីថា "ការកុហកដែលភ្ជាប់ខ្ញុំជាមួយនឹង Jeffrey Epstein ដែលគួរឱ្យអាម៉ាស់ត្រូវតែបញ្ចប់នៅថ្ងៃនេះ"។ "បុគ្គលដែលនិយាយកុហកខ្ញុំគឺគ្មានស្តង់ដារ គ្មានសីលធម៌ គ្មានការដាក់ខ្លួន និងគ្មានការគោរព។ ខ្ញុំមិនជំទាស់នឹងភាពល្ងង់ខ្លៅរបស់ពួកគេទេ ប៉ុន្តែខ្ញុំនឹងច្រានចោលការមួលបង្កាច់ដោយចេតនារបស់ពួកគេក្នុងការបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំ។"

គួរបញ្ជាក់ថា Jeffrey Epstein ជាមហាសេដ្ឋីអាមេរិកម្នាក់ដែលមានឥទ្ធិពល និងទំនាក់ទំនងជាមួយបុគ្គលល្បីៗជាច្រើន (អ្នកនយោបាយ អ្នកជំនួញ និងតារា) ប៉ុន្តែមហាសេដ្ឋីរូបនេះ ក៏ត្រូវបានគេរកឃើញថាពាក់ព័ន្ធនឹងបទល្មើសធ្ងន់ធ្ងរ ដោយបានបង្កើតបណ្តាញរំលោភផ្លូវភេទលើក្មេងស្រីវ័យក្មេងជាច្រើន។

ក្រោយមក ក្នុងឆ្នាំ 2019 គាត់ត្រូវបានចាប់ខ្លួន ប៉ុន្តែក៏មានការរាយការណ៍ថាគាត់បានធ្វើអត្តឃាតខ្លួនឯងហើយ មុនពេលការកាត់ក្ដី។ 

ករណីនេះធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ព្រោះវាពាក់ព័ន្ធនឹងមនុស្សមានអំណាចជាច្រើន ពិសេសប៉ះពាល់ដល់ការពារកុមារ និងយុត្តិធម៌ក្នុងប្រទេស៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា