2026-04-10 13:00
11

ផ្ទុយពីលក្ខខណ្ឌ១០ចំណុច ដែលដាក់ស្នើទៅអាមេរិកទាំងស្រុង ពេលនេះទីក្រុងតេអេរ៉ង់ប្ដូរចិត្តវិញហើយ ដោយប្រកាសទាមទាឲ្យអាមេរិកសងសំណងថ្លៃខូចខាតហេរដ្ឋារចនាសម្ព័ន្ធទាំងអស់ក្នុងប្រទេសរបស់ខ្លួន រួមទាំងអ្នករងរបួស និងមនុស្សស្លាប់ជាច្រើនទៀត។

មេដឹកនាំកំពូល លោក Mojtaba Khamenei បាននិយាយនៅក្នុងសារមួយដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់កាលពីថ្ងៃទី9 ខែមេសាថា ទីក្រុងតេអេរ៉ង់មិនចង់បន្ត សង្រ្គាមទេ ហើយក៏មិនបោះបង់ចោលសិទ្ធិស្របច្បាប់របស់ខ្លួនដែរ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ក្នុងសារដែលចាក់ផ្សាយ លោក Mojtaba សង្កត់ធ្ងន់ថា "យើងពិតជានឹងទាមទារសំណងសម្រាប់ការខូចខាតទាំងអស់ដែលបានទទួលរង ក៏ដូចជាសម្រាប់អ្នកដែលបានស្លាប់ និងរបួសដូចគ្នា"។ 

មេដឹកនាំកំពូលខាងលើ ព្រមានថា អ៊ីរ៉ង់នឹងបើកទំព័រថ្មីទៅលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលគ្រប់គ្នាមិននឹកស្មានដល់។

ចុងក្រោយ លោក Khamenei ផ្ដាំប្រជាជនអ៊ីរ៉ង់ថា «កុំគិតថាការដើរតាមដងផ្លូវគឺលែងចាំបាច់»។ លោកសង្កត់ន័យឲ្យប្រជាជនអ៊ីរ៉ង់យល់ថា "សំឡេងរបស់អ្នកនៅទីសាធារណៈពិតជាមានឥទ្ធិពលលើលទ្ធផលនៃការចរចាខ្លាំងណាស់" ។

សូមបញ្ជាក់ឡើងវិញថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងទីក្រុងតេអេរ៉ង់បានឆក់យកជីវិតមនុស្សជាង 2,000 នាក់នៅក្នុងប្រទេសអ៊ីរ៉ង់, ជាង 1,600 នាក់នៅលីបង់, 26នាក់នៅអ៊ីស្រាអែល, ទាហានអាមេរិក13នាក់ និងរាប់សិបនាក់ទៀតនៅក្នុងរដ្ឋឈូងសមុទ្រ៕
ប្រែសម្រួលអត្ថបទដោយ៖​ ម៉េង ធីដា