ក្នុងការថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុក សម្តេច ទៀ បាញ់ បានបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធាមានស្រាប់ជាយូរមកហើយ ប៉ុន្តែមិនទាន់អនុវត្តពេញលេញ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តជាចម្បង។ ទោះជាយ៉ាងណា ដោយសារការវិវត្តន៍នៃស្ថានការណ៍ថ្មី បានធ្វើឱ្យមានតម្រូវការអនុវត្តច្បាប់នេះឡើងវិញ ដោយមានការកែសម្រួលឱ្យសមស្របតាមភាពជាក់ស្តែង។
សម្តេចក៏បានលើកឡើងថា ការអនុវត្តនេះអនុវត្តតាមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលគ្រោងអនុវត្តនៅបណ្តាឆ្នាំខាងមុខ ខណៈសេចក្តីព្រាងច្បាប់ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី និងកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។
សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ ជំពូក និង ២០ មាត្រា ត្រូវបានរៀបចំឡើងដើម្បីអនុវត្តមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ ដោយកំណត់ឱ្យការជ្រើសរើសយុវជនចូលបំពេញកាតព្វកិច្ចយោធា តាមរយៈរូបមន្តចាប់ឆ្នោត ស្របតាមតម្រូវការប្រចាំឆ្នាំ។
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា «ការអនុវត្តកាតព្វកិច្ចយោធា មិនត្រឹមតែបង្កើនសមត្ថភាពការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះវិន័យ សីលធម៌ និងស្មារតីការងារជាក្រុមដល់យុវជន។ បន្ទាប់ពីការហ្វឹកហ្វឺនរយៈពេល ២៤ ខែ កម្ពុជានឹងទទួលបានធនធានមនុស្សមានគុណភាព មានវិន័យ និងមានសមត្ថភាពដឹកនាំ»។
ជាមួយគ្នានេះ យុវជនដែលចូលរួមហ្វឹកហ្វឺន នឹងទទួលបានការធានាកន្លែងការងារ ការបណ្តុះបណ្តាល សេវាសុខាភិបាល ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភ ប៉ុន្តែមិនមានប្រាក់បៀវត្សរ៍ឡើយ៕





