កំពុងអង្គុយកើបលុយហើយពេលនេះ! ផ្ទុះជម្លោះរង្គើនៅមជ្ឈិមបូព៌ាជិត២ខែ សម្ព័ន្ធមិត្តអាមេរិក រងការបំផ្លាញសព្វាវុធ និងប្រព័ន្ធការពារដែនអាកាសតម្លៃរាប់ពាន់លាន ក្រោមស្នាដៃវាយបំផ្លាញពីអ៊ីរ៉ង់ ខណៈនេះ សម្ព័ន្ធមិត្តទាំងនោះ កំពុងសម្រុកនាំគ្នាទិញអាវុធបន្ថែមពីអាមេរិក ដើម្បីការពារខ្លួនបន្ថែម។
អំឡុងពេលជាប់ដៃប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់ ប្រភពសារព័ត៌មានមួយចំនួនបានចេញផ្សាយថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងស្ថិតក្នុងគ្រាអាសន្ន ប្រឈមការអស់គ្រាប់ពីឃ្លាំងក្នុងការវាយប្រហារលើសត្រូវ តែថ្មីៗនេះស្រាប់តែលេចដំណឹងថា អាមេរិកបានអនុម័តលក់សព្វាវុធ រួមទាំងមីស៊ីល Patriot ដែលមានតម្លៃសរុបជាង 8.6 ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល កាតា គុយវ៉ែត និង UAE ទៅវិញ។
តាមប្រភពពី Reuter បានឲ្យដឹងថា យោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី1 ខែឧសភា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសយល់ព្រមលក់ ប្រព័ន្ធការពារដែនអាកាស Patriot ដែលមានតម្លៃ 4.01 ពាន់លានដុល្លារ រួមជាមួយនឹងគ្រាប់រ៉ុក្កែត Advanced Precision Kill System (APKWS) ដែលមានតម្លៃ 992.4 លានដុល្លារ ទៅឱ្យប្រទេសកាតា។
ក្រៅពីកាតា ទីក្រុងវ៉ាស៊ីនតោនក៏បានអនុម័តការលក់អាវុធដែល មានតម្លៃ 2.5 ពាន់លានដុល្លារ ទៅឲ្យគុយវ៉ែត និងគ្រាប់រ៉ុក្កែត APKWS តម្លៃ 992 លានដុល្លារ ទៅឱ្យអ៊ីស្រាអែល និងអារ៉ាប់រួម តម្លៃ 147 លានដុល្លារដូចគ្នា។
យ៉ាងណាក៏ដោយ នេះមិនមែនជាការអនុម័តលក់សព្វាវុធជាផ្លូវការទាំងស្រុងទេ ចំពោះបរិមាណ និងតម្លៃចុងក្រោយ ត្រូវបានគេមើលឃើញថា នឹងសម្រេចយកជាផ្លូវការក្រោយពេលភាគីអ្នកលក់ និងអ្នកទិញតថ្លៃគ្នាត្រូវ។
ជាធម្មតា សភាអាមេរិកមានពេល 30 ថ្ងៃចាប់ពីថ្ងៃជូនដំណឹងដើម្បីសម្រេចថាតើត្រូវរារាំងកិច្ចព្រមព្រៀងលក់អាវុធនេះឬអត់។ ប្រសិនបើគ្មានការប្រឆាំងពីសភាទេ នោះកិច្ចសន្យានឹងត្រូវដាក់ជូនប្រធានាធិបតី Donald Trump ដើម្បីអនុម័តជាផ្លូវការ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា




