STOCKHOLM ៖ ជម្លោះមជ្ឈិមបូព៌ាម្ដងនេះ អាមេរិកបាក់មុខមិនស្ទើរទេ ដោយថ្មីៗនេះ ប្រទេសមួយចំនួនដែលទិញអាវុធពីទីក្រុងវ៉ាស៊ីនតោន ត្រូវប្រឈមនឹងការពន្យាពេលដឹកជញ្ជូនទាំងអស់ ដែលការជូនដំណឹងនេះធ្វើឲ្យបណ្ដាប្រទេសទាំងនោះមិនចង់ឮទាល់តែសោះ។
តាមប្រភពពីសារព័ត៌មាន Breaking Defense បានឲ្យដឹងថា ប្រទេសន័រវេស បានទទួលដំណឹងពីទីក្រុងវ៉ាស៊ីនតោនថា ខ្លួនអាចប្រឈមនឹងការពន្យាពេលលើការចែកចាយអាវុធដែលផលិតដោយអាមេរិក។
ទោះការសម្រេចនេះមិនទាន់ធ្វើឡើងជាផ្លូវការក៏ដោយ តែអ្នកជំនាញសមាជិកសភាអាមេរិកបាននិយាយថា ជម្លោះមជ្ឈិមបូព៌ាជាមូលហេតុកំពុងធ្វើឱ្យឃ្លាំងអាវុធរបស់ទីក្រុងវ៉ាស៊ីនតោនមានភាពក្រខ្សត់ជាងមុន។ ក្រៅពីន័រវេស ប្រទេស Nordic និង Baltic ក៏បានទទួលសារពន្យាពេលនេះពីអាមេរិកដូចគ្នា។
លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា ប្រទេសមួយចំនួននៅក្នុងតំបន់កំពុងប្រឈមមុខនឹងការពន្យារពេលក្នុងការបញ្ជូនអាវុធពីសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ប្រទេស Nordic និង Baltic មិនបានចេញមុខបញ្ជាក់ឡើយថា តើប្រទេសពួកគេនឹងរងផលប៉ះពាល់ដោយការពន្យារពេលនេះដែរឬយ៉ាងណានោះទេ។
តែតាម Breaking Defense បានឲ្យដឹងថា ការថយចុះសក្តានុពលនៃអាវុធ ជាពិសេសអាវុធដែលបានចំណាយរួចហើយ ទំនងជាធ្វើឲ្យ Nordic និង Baltic អង្គុយមិនសុខស្រួលទេ ព្រោះប្រទេសទាំងពីរនេះ បានចាយលុយយ៉ាងច្រើនលើវិស័យការពារជាតិ ពិសេសពួកគេក៏ពឹងផ្អែកខ្លាំងណាស់ដែរ លើអាវុធរបស់អាមេរិកដើម្បីពង្រឹងសន្តិសុខរបស់ពួកគេចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅអឺរ៉ុប ដោយសារសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។
តាម Reuters ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បាននិយាយថា ឃ្លាំងស្តុកអាវុធរបស់ទីក្រុងវ៉ាស៊ីនតោនមួយចំនួន កំពុងត្រូវបានចែកចាយនៅកន្លែងផ្សេងទៀត ហើយលោកក៏មិនចាត់ទុកថា បញ្ហានេះជាការប្រកាសអាសន្នសម្រាប់ប្រទេសហ្វាំងឡង់ឡើយ។
ប៉ុន្តែក្រឡេកមើល អេស្តូនីវិញ នៅពាក់កណ្តាលខែមេសា ទូរទស្សន៍សាធារណៈ ERR របស់ប្រទេសនេះបានរាយការណ៍ពីផលវិបាកថា ការពន្យារពេលក្នុងការចែកចាយអាវុធការពារជាតិរបស់សហរដ្ឋអាមេរិកមកកាន់អេស្តូនី នឹងធ្វើឲ្យប៉ះពាល់ជាចម្បងទៅលើគ្រាប់រំសេវសម្រាប់ប្រព័ន្ធបាញ់រ៉ុក្កែត ដែលមួយចំនួនគ្រោងនឹងបញ្ជូនមកដល់ប្រទេសខ្លួននៅឆ្នាំនេះទៅហើយ។
ការពន្យាពេលនេះ មិនមែនជាដំណឹងល្អដែលអតិថិជនចង់ឮចេញពីមាត់អាមេរិក ដែលជាប្រទេសមហាអំណាចលើពីភពលោកនោះទេ!
តើទីក្រុងវ៉ាស៊ីនតោន នឹងរកអាវុធផ្គត់ផ្គង់គ្រប់គ្រាន់ទៅឲ្យអតិថិជនរបស់ខ្លួនដោយរបៀបណា ខណៈកំពុងជាប់ដៃត្រៀមដកអាវុធកម្ទេចអ៊ីរ៉ង់សារជាថ្មីបែបនេះ?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា


_1777877406.jpg)
_1777877417.jpg)




