ភ្នំពេញ៖ ម៉ូតូចំនួន ២គ្រឿង បានបុកគ្នាពេញមួយទំហឹង បណ្តាលឱ្យបើកម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១១និង១៥នាទី យប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុមានម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-0817 ជិះបញ្ច្រាស់ផ្លូវក្នុងទិសដៅពីជើងទៅត្បូង រួចបត់ទៅទិសកើតវិញ ខណៈពេលនោះស្រាប់មានម៉ូតូធំមួយគ្រឿង ម៉ាក HONDA CBR ពាក់ស្លាកលេខ ភ្នំពេញ 1LF-7299 ធ្វើដំណើរទិសដៅត្រង់ក្នុងល្បឿនលឿនជ្រុលបុកម៉ូតូហុងដាពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំសាច់ញាតិមកដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




