2026-05-04 14:55
5

វ៉ាស៊ីនតោន៖ កងទ័ពជើងទឹកអាមេរិក ចិញ្ចឹមចិត្តចង់ទិញ យន្តហោះ P-8A Poseidon បន្ថែម បន្ទាប់ពីការផ្អាកទិញក្នុងឆ្នាំ 2025 ។ 

តើ P-8A Poseidon មានមុខងារលេចធ្លោដល់កម្រិតណា បានជាទាក់ចិត្តទ័ពជើងទឹកអាមេរិកយ៉ាងនេះ?

Boeing P-8A Poseidon ជាយន្តហោះយោធាទំនើបមួយ ដែលត្រូវបានអភិវឌ្ឍឡើងសម្រាប់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដើម្បីបំពេញភារកិច្ចត្រួតពិនិត្យ និងការពារសមុទ្រនៅកម្រិតខ្ពស់។ 

វាត្រូវបានគេចាត់ទុកថា ជាយន្តហោះសំខាន់បំផុតមួយក្នុងយុទ្ធសាស្ត្រការពារសមុទ្រសម័យទំនើប ដោយសារតែសមត្ថភាពចម្រុះ និងបច្ចេកវិទ្យាខ្ពស់។

ភាពលេចធ្លោរបស់ P-8A វាមានសមត្ថភាពសំខាន់ក្នុងការស្វែងរក និងបំផ្លាញនាវាមុជទឹក។ P-8A អាចប្រើ sonar buoys និងសេនស័រពិសេស ដើម្បីរកឃើញគោលដៅនៅក្រោមទឹក ហើយបន្ទាប់មកអាចប្រើ torpedoes ឬអាវុធផ្សេងៗដើម្បីវាយប្រហារ។ លើសពីនេះ វាក៏មានសមត្ថភាពប្រយុទ្ធនាវាលើផ្ទៃទឹក ដោយអាចដឹកមីស៊ីលប្រឆាំងនាវា និងអាវុធធ្ងន់ផ្សេងៗបានទៀតផង។  

មិនត្រឹមតែប៉ុណ្ណោះ P-8A ក៏មានតួនាទីសំខាន់ក្នុងការស៊ើបអង្កេត និងត្រួតពិនិត្យ (ISR) ដែលអាចប្រមូលព័ត៌មានយោធា តាមដានចលនាសត្រូវ និងគ្របដណ្តប់តំបន់សមុទ្រធំៗបានយ៉ាងមានប្រសិទ្ធភាព។ វាមានរ៉ាដាទំនើប និងប្រព័ន្ធអុបទិកអ៊ីនហ្វ្រារ៉េដ ដែលអាចដំណើរការបានទាំងថ្ងៃ និងយប់។ 

អ្វីដែលធ្វើឲ្យយន្តហោះនេះពិសេសបន្ថែម គឺសមត្ថភាពហោះហើរចម្ងាយឆ្ងាយ និងអាចបំពេញភារកិច្ចបានយូរ។ 

វាមានការរចនាផ្អែកលើយន្តហោះពាណិជ្ជកម្ម ប៉ុន្តែត្រូវបានកែប្រែឲ្យសមស្របសម្រាប់ការប្រយុទ្ធ ដែលធ្វើឲ្យវាមានទាំងប្រសិទ្ធភាព និងភាពអាចទុកចិត្តបានខ្ពស់។ 

មូលហេតុសំខាន់ដែលកងទ័ពជើងទឹកអាមេរិកបន្តទិញ P-8A បន្ថែម គឺព្រោះវាជំនួសយន្តហោះចាស់ដូចជា Lockheed P-3 Orion ដែលមិនទាន់សមស្របនឹងសង្គ្រាមសម័យថ្មី។ 

លើសពីនេះ P-8A ក៏ត្រូវបានអាប់ដេតជាបន្តបន្ទាប់ ដូចជាកម្មវិធី Increment 3 Block 2 ដែលបានបន្ថែមសមត្ថភាពស៊ើបអង្កេត និងប្រព័ន្ធអាវុធឲ្យកាន់តែខ្លាំងឡើង។ 

ជារួម P-8A មិនមែនគ្រាន់តែខ្លាំង និងលេចធ្លោទេ ប៉ុន្តែវាជាឧបករណ៍សំខាន់សម្រាប់ការគ្រប់គ្រងសមុទ្រនៅសតវត្សទី21នេះ។ សមត្ថភាពរកឃើញនាវាមុជទឹក ការតាមដានសត្រូវ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ធ្វើឲ្យវាក្លាយជាយន្តហោះដែលកងទ័ពជើងទឹកអាមេរិកមិនអាចខ្វះបាន ក្នុងការរក្សាសុវត្ថិភាពសមុទ្រនៅពេលបច្ចុប្បន្ន និងអនាគត៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា