ភ្នំពេញ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ចេញសេចក្តីជូនដំណឹងឲ្យដឹងថា យោងតាមសេចក្ដីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្សោយពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿន ខ្សោយ បានធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាបន្តបន្ទាប់ ដែលធ្វើឱ្យរាជធានីខេត្តមួយចំនួនរងឥទ្ធិពល ទឹកភ្លៀង និងអាចបង្កជាទឹកជំនន់។
ក្នុងពេល និងក្រោយពេលទឹកជំនន់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួនអាចត្រូវបាន ប្រទះឃើញដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ក្នុងនាម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អាជ្ញាធរមីនសូមធ្វើការណែនាំដល់ប្រតិបត្តិករបោសសម្អាតមីន និងអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគណៈកម្មាធិការសកម្មភាពមីនខេត្តរាជធានី ព្រមទាំងអំពាវនាវដល់ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមសហការអនុវត្តនូវវិធានការដូចខាងក្រោម៖
១. ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម ដែលអាចមកជាមួយទឹកជំនន់ ដោយសារការហូរច្រោះដើរសាត់មកពីតំបន់ដែលមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
២. ណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅក្បែរនោះជាបន្ទាន់ នៅពេលប្រទះឃើញ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
៣. រៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំស្តីពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលទឹកជំនន់សម្រាប់ផ្តល់ជូន ភ្នាក់ងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បណ្តាញមីន ស្ម័គ្រចិត្ត – សហគមន៍ លោកគ្រូ អ្នកគ្រូ ដើម្បីជាមធ្យោបាយសម្រាប់អប់រំដល់ប្រជាពលរដ្ឋ ក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់។
៤. ឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការប្រមូលយកទៅកម្ទេចចោលនូវមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋបានរាយការណ៍ ។
៥. ដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់នៅតាមតំបន់សង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬឆ្លងកាត់ទទួលបានសេចក្ដីជូនដំណឹងនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន គណៈកម្មាធិការសកម្មភាពមីនខេត្តរាជធានី ក៏ដូចជាគ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ មេត្តាចូលរួមសហការ និងអនុវត្ត តាមការគួរ ៕