ភ្នំពេញ៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញថា សម្រាប់រយៈពេល ៨ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែកបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ យើងឃើញថា ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយពោល គឺយើងទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០% នៃកម្រិតមុនវិបត្តិសម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ”។
តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា “កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤,៥ លាន ទៅ ៥លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ”។
ទន្ទឹមនឹងនេះ ក្នុងចំណោមទេសចរអន្តរជាតិប្រមាណ ៣,៥លាននាក់ខាងលើ ទេសចរដែលចូលតាមផ្លូវអាកាសមានចំនួនប្រមាណ ១,២លាននាក់ ដោយកើនឡើង ២០៦,១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិកូវីដ-១៩) តួលេខនេះ នៅមានការថយចុះប្រមាណ ៦០,៩% នៅឡើយ។
ដូចគ្នានេះដែរ ចំនួនទេសចរអន្តរជាតិ ដែលចូលតាមផ្លូវគោក និងផ្លូវទឹកសម្រាប់រយៈពេល ៨ខែឆ្នាំ២០២៣នេះ មានចំនួនប្រមាណ ២,២៨លាននាក់។ យើងកត់សម្គាល់ឃើញថា “ទេសចរអន្តរជាតិភាគច្រើន មកតាមផ្លូវគោកពីប្រទេសជិតខាង ដែលជាទីផ្សារអាទិភាពដ៏សំខាន់មួយ ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩”។
សូមបញ្ជាក់ផងដែរថា នាយកដ្ឋានស្ថិតិទេសចរណ៍ បានប្រមូលរៀបចំចងក្រងស្ថិតិទិន្នន័យទេសចរអន្តរជាតិ ពីគ្រប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិទូទាំងប្រទេស ដែលមានកិច្ចសហការផ្តល់ទិន្នន័យប្រចាំខែដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ៕