2023-10-02 16:41
477

 

(ភ្នំពេញ)៖   ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញដល់ភាគីពាក់ព័ន្ធឱ្យមានការយកចិត្តទុកដាក់បន្ថែមដល់មនុស្សដែលមានវ័យចាស់ និងលើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក​ និងបរទេសបង្កើតមជ្ឈមណ្ឌលថែទាំ មនុស្សចាស់ជរាគ្មានទីពឹង​ ក្នុងការផ្តល់សេវាថែទាំមនុស្សចាស់ តាមរយៈភ្នាក់ងារដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីឱ្យមនុស្សចាស់ជរាគ្មានទីពឹងទទួលបានការថែទាំកាន់តែប្រសើរជាងមុន។

 ឯកឧត្តមលើកឡើងនេះ ធ្វើឡើងក្នុងខួប២៥ឆ្នាំនៃទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ ​នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងសង្គមកិច្ច ដោយ​មានអ្នកចូលរួមជាមនុស្សវ័យចំណាស់ប្រមាណជាង២០០នាក់។

 លោកមានប្រសាសន៍ថា «ខ្ញុំសូមអំពារនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ជាតិ អន្តរជាតិ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឱ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់ មានភាពកក់ក្ដៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់របស់យើង។»

 លោកបានថ្លែងបន្តថា ​បច្ចុប្បន្ននេះបញ្ហាប្រឈមដែលតែងតែកើតឡើងចំពោះមនុស្សចាស់ ​ជាពិសេសរស់នៅតំបន់ជនបទដាច់ស្រយាល មានជីវភាពក្រលំបាក ​គឺទទួលបានការថែទាំ​មានកម្រិត ហើយមនុស្សចាស់ដែលជាស្ត្រីត្រូវមានបន្ទុកគ្រួសារក្នុងការថែទាំចៅៗ ដោយសារឪពុកម្តាយធ្វើចំណាក ស្រុកទៅ រកការងារធ្វើ ឬដោយសារការលែងលះគ្នា ឬឪពុកម្តាយស្លាប់ចោល ដោយប្រការផ្សេងៗ។

 លោកបានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា និងជាគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាសេនាធិការ ត្រូវបន្តពង្រឹង ពង្រីកសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ការជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារឱ្យកាន់តែប្រសើរឡើង ជាពិសេសការជំរុញរៀបចំនិងដំណើរការ សេវាជនចាស់ជរា ដើម្បីបណ្តុះបណ្តាលភ្នាក់ងារផ្តល់សេវាថែទាំជនចាស់ជរា។

 ជាមួយគ្នានេះ ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងផ្នែកពាក់ព័ន្ធដទៃទៀត នឹងបន្តជំរុញអនុវត្ត ដោយផ្ដោតលើកិច្ចការសំខាន់ៗ រួមមាន​៖ ជំរុញរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, បន្តពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍ ឃុំ សង្កាត់ ,ជំរុញការផ្តល់ការលើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស ជាពិសេស អង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បន្តអនុវត្តគម្រោងមួយចំនួន ក្នុងទិសដៅលើកស្ទួយសុខុមាលភាព និងសកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍​ និងការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលជាតិគាំពារមនុស្សចាស់ ក្នុងការបណ្តុះបណ្តាលភ្នាក់ងារផ្តល់សេវាថែទាំមនុស្សចាស់។

 បើតាម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ​ នៅឆ្នាំ២០១៨ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតសមាគមមនុស្សចាស់ចំនួន១ ៦៤៦ ឃុំ សង្កាត់ នៅទូទាំងរាជធានី ខេត្ត សំដៅជួយសម្រួលទុក្ខ លំបាក និងជួយគ្នាទៅវិញទៅមកក្នុងករណីមានធុរៈ។ ​

 ទន្ទឹមគ្នានេះ នៅពេលថ្មីៗនេះក្រសួងបានសហការជាមួយ អង្គការមនុស្សចាស់កម្ពុជា (HelpAge Cambodia) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បង្កើតសមាគមមនុស្សចាស់គំរូថ្មី (អន្តរជំនាន់ និងពហុមុខងារ) នៅរាជធានី ខេត្ត ចំនួន ៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តបាត់ដំបង​ផងដែរ។

 ​​ឯកឧត្តម ជា សុមេធី បានឱ្យដឹងផងដែរថា ​​តាមរយៈដាក់ចេញកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ ​មនុស្សចាស់ដែលអាយុចាប់ពី ៦០ឆ្នាំឡើង ប្រមាណជាង៣៨ម៉ឺន​នាក់ ទទួលបានពីឧបត្ថម្ភសាច់ប្រាក់ ពីរាជរដ្ឋាភិបាល។

 ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលបានតម្លើងប្រាក់គោលនយោបាយ ជូនមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធផងដែរ ជាពិសេសជូនដល់និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈជាអតីតមន្តី រាជការស៊ីវិល និងអតីតយុទ្ធជន ជារៀងរាល់ឆ្នាំ។

 យោងតាមជំរឿនទូទៅប្រជាជន​ ឆ្នាំ២០១៩ ​ចំនួនប្រជាជនវ័យចាស់​មានប្រមាណជិត១លាន៤០ម៉ឺននាក់ ​ស្មើនឹងប្រមាណ ៨.៩ភាគរយ នៃចំនួនប្រជាជនសរុប៕