2023-11-05 12:56
543

(កែប) ជំនួបនេះដឹកនាំដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និង លោក ស៊ឺ ឈិញហឺ អភិបាលរងនៃរដ្ឋបាលប្រជាជនទីក្រុងលីនឆាង រយៈពេលពីថ្ងៃចាប់ពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកាដល់ថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំស្តង់ដាមុខសាលាខេត្តកែប។
   ជំនួបដ៏មានសារ:សំខាន់នេះដែរត្រូវបាន អញ្ជើញឱ្យចូលរួមពីសំណាក  ឯកឧត្ដម  តំណាងសាលាដំបូងខេត្ត  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត  លោក  លោកស្រី  អភិបាលរងខេត្ត   លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ មេបញ្ជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង  ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តផងដែរ។
   បើតាមខ្លឹមសារភាគីរព្រមព្រៀងគ្នាជំរុញការផ្លាស់ប្ដូរមិត្តភាពរវាងប្រជាជននៃខេត្ត និងទីក្រុងទាំងពីរបានជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍និងការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការរវាងខេតនិងទីក្រុងទាំងពីរក្នុងវិស័យកសិកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា,វប្បធម៌ កីឡាសុខភាពសាធារណៈអប់រំទេសចរណ៍និងធនធានមនុស្ស។ល។      បើយោងតាមខ្លឹមសារលិខិតស្នើសុំបង្កើតទំនាក់ទំនង មេត្រីភាព រវាងទីក្រុងលីនឆាង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានលើកយកនូវសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតនូវទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា សម្រាប់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តកែប និងទីក្រុងលីនឆាង ការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពជា ប្រពៃណី រវាងប្រជាជននៃខេត្ត និងទីក្រុងទាំងពីរ តាមរយៈការពិភាក្សាក្នុងលក្ខណៈមិត្តភាព ទីក្រុងលីនឆាង នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន និងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមបង្កើតទំនាក់ទំនងមេត្រីភាព ដោយឈរលើមូលដ្ឋាននៃសមភាពផលប្រយោជន៍រួម និងការទុកចិត្តគ្នាទៅវិញទៅមក។
ដោយមានសារលិខិតនេះធ្វើចំនួន៣ច្បាប់ ជាភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស ដែលអត្ថបទនីមួយៗមាន ខ្លឹមសារដូចគ្នា។
   លិខិតស្នើសុំនេះមានសុពលភាពក្នុងរយៈពេលបីឆ្នាំចាប់ពីថ្ងៃចុះហត្ថលេខា ក្រោយពីភាគីនីមួយៗយល់ព្រមអនុម័តតាមនីតិវិធី នៃប្រទេសរបស់ខ្លួន។
   ក្រោយជំនួបដ៏សំខាន់នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៊ុន យោង  អភិបាលរងខេត្តកែប បានតំណាងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអញ្ជើញគណ:ប្រតិភូទីក្រុងលីនឆាង សិក្សាស្វែងយល់បន្ថែម ពីទីតាំងសំខាន់ៗមួយចំនួនដូចជា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត , អគារធនធាន នៃសាលាវិទ្យាល័យហ៊ុនសែនចំការដូង ដែលទីតាំងទាំងពីរនេះ ប្រតិភូនៃខេត្តទាំងពីរបានទទួលស្តាប់បទបង្ហាញ អំពីដំណើរការ និងសមិទ្ធផលសម្រេចបាន រួមទាំងបញ្ហាប្រឈមមួយចំនួនផងដែរ បន្ទាប់មកប្រតិភូបន្តទៅទស្សនៈកិច្ចនៅចំការត្របែកនឹងម្រេច  របស់ប្រជាកសិករនៅភូមិចំកាបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀតផងដែរ។(សឹង រ៉ាត់)