2023-11-07 15:17
636

(កំពត)៖  នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រយៈពេលពីថ្ងៃនៃការប្រឡងបាក់ឌុបនេះអាណាព្យាបាលរបស់សិស្សប្រឡងបាក់ឌុបនៅខេត្តកំពត យល់ឃើញថា ការសិក្សារៀនសូត្រសំខាន់ខ្លាំងណាស់ សម្រាប់ជួយដល់អនាគតរបស់កូនៗពួកគាត់  និងថាពួកគាត់មិនមានការនឿយហត់និងអង្គុយរងចាំកូនប្រឡងនោះទេ ហើយទោះជីវភាពលំបាកយ៉ាងណាក៏ដោយ  ឲ្យតែកូនប្រឹងប្រែងរៀនសូត្រ ពួកគាត់នឹងបញ្ជូនកូនឲ្យទៅរៀនបន្តជានិច្ច  ខណៈដែលបេក្ខជនប្រឡងវិញ ថាឆ្នាំនេះវិញ្ញាសារពិបាកជាងឆ្នាំមុន។

អាណាព្យាបាលសិស្សប្រឡងបាក់ឌុបនៅខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍ពេលកំពុងអង្គុយចាំកូនប្រឡងថា គាត់សប្បាយចិត្តណាស់ដែលកូន បានប្រឡងថ្នាក់ទី១២នៅថ្ងៃនេះ   ហើយបើទោះជាលទ្ធផលយ៉ាងណា ពួកគាត់នៅតែបន្តជំរុញលើកទឹកចិត្ត ឲ្យកូនខិតខំរៀនសូត្របន្ត  ព្រោះសម័យនេះចំណេះវិជ្ជាសំខាន់ណាស់សម្រាប់ស្វែងរកការងារចិញ្ចឹមជីវិតឲ្យល្អប្រសើរទៅអនាគត  ម្យ៉ាងមិនចង់ឃើញកូនល្ងិតល្ងង់ លំបាកធ្វើស្រែចំការដូចពួកគាត់ឡើយ។  

ដោយឡែក បេក្ខជនប្រឡងបានលើកឡើងថា  ឆ្លងកាត់ការប្រឡងមួយព្រឹកនេះឃើញថា  ការរៀបចំការប្រឡងបាក់ឌុបឆ្នាំនេះ ម៉ឺងម៉ាត់ អព្យាក្រិត តម្លាភាព និងយុត្តិធម៌ ហើយវិញ្ញាសារក៏ចេញពិបាកជាងឆ្នាំមុនៗដែរ ធ្វើឲ្យពួកគាត់មិនហ៊ានរំពឹងថាបានពិន្ទុខ្ពស់នោះទេ ។ 

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២២-២០២៣ នៅទូទាំងខេត្តកំពតមានបេក្ខជនចំណេះទូទៅ និងស្វ័យរិន សរុបចំនួន ៥.៦០០នាក់ ក្នុងនោះ ស្រីមានចំនួន ២.៩៤៨នាក់ មានមណ្ឌលប្រឡងចំនួន១១ ស្មើនឹង ២២៥បន្ទប់ (ថ្នាក់វិទ្យាសាស្ត្រ មាន៣មណ្ឌល ស្មើ៦០បន្ទប់)។(សឹង រ៉ាត់)