ភ្នំពេញ៖ កម្លាំងជំនាញនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បានបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ដោយឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ចំនួន ០៣នាក់ រួមជាមួយថ្នាំញៀនជាង ០២គីឡូក្រាម នៅរាជធានីភ្នំពេញ។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនិយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
តាមនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង១៥នាទី កម្លាំងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ការិយាល័យ (ក៤) ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀន នៅចំណុច បណ្តោយផ្លូវលេខ K5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖ ទី១- ឈ្មោះ យ៉ាង សាវជុន (YANG SAOCHUN) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៨៧, ទី២- ឈ្មោះ ជ័ង ប៉ជៀន (CHUANG PO CHIEN) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៣ និងទី៣- ឈ្មោះ អ៊ូ ជីនតឺ (WU CHUN TE) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៤។
ការបង្ក្រាបមុខសញ្ញាជនសង្ស៏យខាងលើ សមត្ថកិច្ចរឹបអូសវត្ថុតាង រួមមាន៖ កេតាមីន (KETAMINE) ទម្ងន់ ២ ១៤៤ក្រាម (២គីឡូ១៤៤ក្រាម) និងសារធាតុមិនច្បាស់លាស់ ទម្ងន់ ២២៦ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕