2023-11-07 15:55
658

(កំពត)   ៖     នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវកម្លាំងសមត្ថកិច្ចចំរុះ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពត នាឱកាសនៃពិធីប្រណាំងទូកងនាពេលខាងមុខនេះ។

កម្លាំងចំរុះមានចំនួនជាង ១.០០០នាក់ នឹងត្រូវប្រើប្រាស់ដើម្បីសម្រួលចរាចរណ៍ ទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ ពិសេសរក្សាឱ្យបាននូវសុខសុវត្តិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ។

បើយោងតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត លើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត លោកស្នងការដ្ឋាននគរបាលខេត្តកំពតបានត្រៀមលក្ខណៈរួចរាល់ជាស្រេចក្នុងការប្រើប្រាស់កងកម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិដែលមកសម្រាកលេងលម្ហែកម្សាន្តក្នុងខេត្តកំពត ក្នុងឱកាសនៃពិធីប្រណាំងទូក ង នៅថ្ងៃទី១០ និង ១១ ខែវិច្ឆិកា នាខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ម៉ៅច័ន្ចមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា កងកម្លាំងដែលត្រូវប្រើប្រាស់ទាំងអស់មានចំនួន ១.១៤៥នាក់ ក្នុងនោះមាន៖ កម្លាំងរបស់ស្នងការនគរបាលខេត្តមានចំនួន ៨១០នាក់ និង កម្លាំងកងរាជអាវុធហត្ថខេត្តមានចំនួន ១២៣នាក់, និងកម្លាំងតំបន់ប្រត្តិបត្តការសឹករងខេត្តមានចំនួន ៥០នាក់និង កម្លាំងសន្តិសុខលំហសមុទ្រមានចំនួន ២០នាក់ និង កម្លាំងមូលដ្ឋានសមុទ្រមានចំនួន ២១នាក់ និង កម្លាំងវរៈការពារព្រំដែនទឹក២៤១មានចំនួន ៣០នាក់ និង កម្លាំងកងអន្តរាគមន៍លេខ២ ការពារកោះឆ្នេរ មានចំនួន ១០នាក់ និង កម្លាំងមន្ទីរសុខាភិបាលមានចំនួន ៣១នាក់ និង ទីចាត់ការអន្តរវិស័យសាលាខេត្តមានចំនួន ២៧នាក់, កម្លាំងរដ្ឋបាលជលផលចំនួន ៩នាក់ និង កម្លាំងមន្ទីរសាធារណៈការ និងដឹកជញ្ជូនមានចំនួន ៤នាក់ និងកម្លាំងអង្គភាពអគ្គិសនីកំពតមានចំនួន ១០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ក៏បានថ្លែងកោតសរសើចំពោះកងកម្លាំងទាំងអស់ ដែលកន្លងមកបានរួមសហការគ្នាក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានមកសម្រាកដើលេងលម្ហែកម្សាន្តនៅក្នុងខេត្តកំពត ជាពិសេសបានសហការគ្នាយ៉ាងល្អនៅពេលមានព្រឹត្តិការណ៍កម្សាន្តធំដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពត។

ទន្ទឹមជាមួយគ្នានោះដែ ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពតក៏បានជំរុញឱ្យកងកម្លាំងសមត្ថកិច្ចទាំងអស់បន្តរួមសហការគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានមកលេងលម្ហែកម្សាន្តនៅក្នុងខេត្តកំពត នាឱកាសនៃព្រឹត្តិការណ៍ពិធីប្រណាំងទូក ង នៅខេត្តកំពតនាពេលខាងមុខឱ្យបានកាន់តែល្អប្រសើគ្រប់គោលដៅទាំងអស់ដោយរលូនផងដែរ។(សឹង រ៉ាត់)