2023-11-10 13:16
651

ព្រះសីហនុ៖ អ្នកចិញ្ចឹមគោគួរមានការប្រុងប្រយ័ត្ន! ម្ចាស់សត្វគោព្រលែងឲ្យដើរពាសវាកពាសការផ្លូវសាធារណៈដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុកស្លាប់ ០២នាក់ នៅស្រុកព្រៃនប់ កាលពីពេលកន្លងទៅថ្មីៗនេះ បានទទួលខុសត្រូវសុខចិត្តសងសំណងជូនក្រុមគ្រួសារជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវរកឃើញ។

តាមប្រភព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកម្ចាស់សត្វគោចិញ្ចឹមដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ ៤ បណ្តាលឲ្យបុរស ស្ត្រីពីរនាក់ប្តី-ប្រពន្ធស្លាប់ នោះឃើញហើយ។ 

មន្ត្រីនគរបាលនៃអធិការដ្ឋាន ស្រុកព្រៃនប់ បានឲ្យដឹងថា នៅរសៀលថ្ងៃ០៩ ខែវិច្ឆិកាម្សិលមិញនេះ ជាជំហានដំបូងភាគីម្ចាស់សត្វគោបានយល់ព្រមបង់ប្រាក់សំណងជូនទៅគ្រួសារជនរងគ្រោះតាមការព្រមព្រៀងគ្នារវាងម្ចាស់សត្វគោនិងតំណាងគ្រួសារជនរងគ្រោះ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចអះអាងថា សំណុំរឿងនេះមិនត្រូវបិទបញ្ចប់ត្រឹមការបង់ប្រាក់សំណងនោះទេ សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តបន្តតាមនិតិវិធី។

 សូមជម្រាបថា ជនរងគ្រោះពីរនាក់ប្តី ប្រពន្ធជិះម៉ូតូ  ០១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ មានទិសដៅខេត្តព្រះសីហន-រាជធានីភ្នំពេញ បើកបរដោយឈ្មោះ អេង វណ្ណី ភេទប្រុស អាយុ ២០ឆ្នាំ ឌុបប្រពន្ធឈ្មោះ ណាំ គឹមហុង ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភួមិចំការចេក ឃុំសាលាខាងត្បូង ស្រុលកំពង់ត្រាច ខេត្តកំពត ខណៈពេលកំពុងបើកបរបានបុកសត្វគោ ចំនួន ០២ក្បាល កំពុងដើរលើផ្លូវជាតិលេខ ៤ នៅឃុំសំរុងស្រុកព្រៃនប់ កាលពីយប់ថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បណ្តាលឲ្យរងបួសធ្ងន់ និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕