ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹកខណៈពួកគាត់ប្រទះឃើញសពអណ្ដែតទឹកព្រែកស្ពានត្រាំ នៅស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣នេះថា សពដែលគេប្រទះឃើញមានឈ្មោះ សោម បូរ៉ា ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិញរ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
ប្រភពបន្តថា នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០២៣បន្ទាប់ពីមានប្រជាពលរដ្ឋបានប្រទះឃើញសាកសពអណ្ដែតទឹកព្រែកស្ពានត្រាំ ត្រង់ចំណុចភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកកន្លែងកើតហេតុនិងបានពិនិត្យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
តាមក្រុមគ្រូសារអះអាងប្រាប់សមត្ថកិច្ចថា ប្ដីគាត់មានជំងឺវិកលចរិតយូរឆ្នាំមកហើយដោយបានទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្មាំដែរ ប៉ុន្តែមិនបានធូរស្រាលសោះ។ នៅថ្ងៃកើតហេតុគាត់បាត់ប្ដីយូរពេកមិនឃើញនៅផ្ទះក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញអណ្ដែតទឹកព្រែកស្ពានត្រាំ ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕