ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងយកដំបងវាយទៅលើម៉ូតូទុកនៅខាងមុខផ្ទះ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩និង១៥នាទី ចំណុចភូមិជ្រៃលាស់ ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុំ គង់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅភូមិ ជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ ផល រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ទីលំនៅភូមិជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ត កណ្តាល ។
សម្ភារៈខូចខាត ម៉ូតូម៉ាកសង់C១២៥ ពណ៌ ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JX-7930។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ស៊ុំ គង់ បានជិះម៉ូតូរបស់ខ្លួន ម៉ាកសង់C១២៥ ពណ៌ ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JX-7930 ចេញពីធ្វើការជាសន្តិសុខវិញ ដោយផ្លូវចូលផ្ទះរបស់ជនរងគ្រោះ មានដីភក់ជ្រាំពិបាកជិះម៉ូតូចូល បានជិះយកចតទុកម៉ូតូនៅខាងក្រោមផ្ទះរបស់ជនសង្ស័យឈ្មោះ ផល រិទ្ធ ដែលមានផ្ទះជាប់ព្រុំប្រទល់ដីឡូតិ៍គ្នា រួចមកជនរងគ្រោះបានដើរទៅផ្ទះរបស់ខ្លួនបាត់ទៅ។ បន្ទាប់មកជនសង្ស័យឈ្មោះ ផល រិទ្ធ មានស្ថានភាពស្រវឹងស្រា បានស្រែកសួរថា៖ ម៉ូតូនរណាគេមកទុកនៅក្រោមផ្ទះ ពេលនោះពុំមានអ្នកឆ្លើយតប ជនសង្ស័យបានធ្វើសកម្មភាពវាយលើកុងទ័រនិងចង្កៀងម៉ូតូរបស់ ជនរងគ្រោះ បណ្តាលឱ្យខូចខាត កុងទ័រ និងចង្កៀងពីមុខ បន្ទាប់ពីធ្វើសកម្មភាពរួចក៏មានឈ្មោះ អាង វាសនា ភេទប្រុសអាយុ៨ឆ្នាំ បានទៅប្រាប់ជនរងគ្រោះដែលកំពុងនៅផ្ទះ ភ្លាមនោះជនរងគ្រោះបានមកមើលឃើញមានការខូចខាតក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលជ្រៃលាស់ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រៃលាស់ បានចុះទៅកន្លែងកើតហេតុ ធ្វើការនាំខ្លួនជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពដោយយកកែងខាងស្ដាំអុកទៅលើកុងទ័រនិងយកក្បាលចង្គង់ខាងធ្វេងអុកទៅចង្កៀងខាងមុខម៉ូតូរបស់ឈ្មោះ ស៊ុំ គង់ បណ្តាលឱ្យខូចខាតប្រាកដមែន ដោយ មូលហេតុខ្លួនខឹងនិងឈ្មោះ ស៊ុំ គង់ ដែលយកម៉ូតូមកទុកនៅក្រោមផ្ទះរបស់ខ្លួន មិនបានប្រាប់ខ្លួន ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី ៕