ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធា បានសម្រេចចិត្តធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួនចោលកូនឱ្យនៅកំព្រា បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចដីឡូត៍លេខ៤៧ ផ្លូវលំ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះស៊ូ សៀន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះកើតហេតុ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ចាក់ថា មុនពេលកើតហេតុឈ្មោះស៊ូ សៀន (ជនរងគ្រោះ) នៅវេលាម៉ោង០៨និង៣០នាទី បានចេញពីផ្ទះនៅម្តុំផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដើម្បីមកផ្ទះដែលនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រហែលម៉ោង ១០និង១០នាទី រួចហើយជនរងគ្រោះ បានជិះម៉ូតូ YAMAHA. SZ ពាក់ស្លាកលេខ ភ្នំពេញ 1IU-2929 មកទុកនៅខាងមុខផ្ទះ រួចហើយជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ ដោយបិទទ្វារផ្ទះតែមិនបានចាក់សោផ្ទះទេ ។ បន្ទាប់មកជនរងគ្រោះបានឡើងទៅលើផ្ទះ រួចក៏បានឆាតទៅឈ្មោះ ស៊ូ សុវណ្ណារី ដែលត្រូវជាប្អូនស្រីឱ្យជួយមើលកូនរបស់គាត់ផង។
បន្ទាប់មក ឈ្មោះ ស៊ូ សុវណ្ណារី ដែលត្រូវជាប្អូនស្រីបានតេទូរស័ព្ទនិងឆាតទៅបងប្រុសជាច្រើនដង តែបងប្រុសមិនបានលើកទូរស័ព្ទ និងឆ្លើយតបឆាតនោះឡើយ ។ បន្ទាប់មកប្អូនស្រីជនរងគ្រោះបានតេមកឈ្មោះ ឃួន ប៊ុនថន ដែលត្រូវជាមិត្តភក្តិរបស់បងប្រុស ឱ្យគាត់ទៅជួយមើលបងប្រុសរបស់គាត់ តើគាត់បានទៅដល់ហើយឬនៅ ពីព្រោះនាងទូរស័ព្ទទៅគាត់ចូល តែគាត់មិនបានលើកទូរស័ព្ទ។ បន្ទាប់មកឈ្មោះ ឃួន ប៊ុនថត បានចេញពីផ្ទះដើរមកមើលនៅផ្ទះ ឃើញម៉ូតូនៅពីមុខផ្ទះនិងបិទទ្វារផ្ទះ តែមិនបានចាក់សោផ្ទះទេ។ ឃើញបែបនេះ គាត់ក៏បានហៅអ្នកជិតខាងបានគ្នាពីរបីនាក់ បើកទ្វារចូលទៅមើលក្នុងផ្ទះ តែមិនបានឃើញមនុស្ស គាត់ក៏បានឡើងតាមកាំជណ្តើរទៅមើលនៅខាងលើផ្ទះ ក៏ប្រទះឃើញឈ្មោះ ស៊ូ សៀន (សព) បានចងកនឹងខ្សែលីឡុងសម្លាប់ខ្លួនបាត់ទៅហើយ រួចហើយឈ្មោះ ឃួន ប៊ុនថន ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ។
បេីតាមការពិនិត្យនិងវិភាគរបស់មន្ត្រីជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយសពមានជំងឺប្រចាំកាយ(ជំងឺសរសៃប្រសាទ)។
ក្រោយមក សពជនរងគ្រោះត្រូវបានមន្ត្រីជំនាញធ្វេីកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕