ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ បានចុះពិនិត្យមណ្ឌលសុខភាពចំនួន០៨ កន្លែង រួមមាន៖ មណ្ឌលសុខភាពប្រមេរុ បែងមានជ័យ ស្អាង ឆែប ម្លូព្រៃ តាកឹង គូលែន និងកោះកេរ្តិ៍ ដោយមានការចូលរួមសម្របសម្រួលពីលោកស្រី បាង រ៉ាវី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល និងលោកប្រធាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។
ការចុះពិនិត្យមណ្ឌលសុខភាពនេះ ក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពសេវានៅតាមមណ្ឌលសុខភាព នៅក្នុងខេត្តព្រះវិហារ ឱ្យស្របតាមយុទ្ធសាស្តបញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាល ដែលផ្ដោតទៅលើការផ្តល់សេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាអាទិភាពចំបង។
ការចុះមកការពង្រឹងគុណភាពសេវាមណ្ឌលសុខភាពនេះ គឺផ្ដោតសំខាន់ៗទៅលើ៖
(១) ការពង្រឹងរៀបចំឱ្យល្អប្រសើរហេដ្ឋារចនាសម្ព័ន្ធបរិស្ថានជុំវិញមណ្ឌលសុខភាព។
(២) ក្រមសីលធម៌វិជ្ជាជីវៈ និងការបម្រើសេវាដោយការទទួលខុសត្រូវ។
(៣) ការបំពាក់ឧបករណ៍សម្ភារៈបរិក្ខារ និងឱសថ។
(៤) ការពង្រឹងវិន័យការងារ និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ ។
និង(៥) ការគ្រប់គ្រងធនធានមនុស្ស និងការបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា។
ក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត និងក្រុមកាងារក៏បានជួបសំណេះសំណាល សួរសុខទុក និងជូនពរដល់អ្នកជំងឺ ព្រមទាំងក្រុមគ្រួសារ ដែលបានមកទទួលសេវានៅក្នុងមណ្ឌលសុខភាព លោកវេជ្ជបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខាភិបាល និងការថែទាំ ហើយព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវ៕