ពោធិ៍សាត់៖ មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ បានប្រារព្ធពិធីអបអរសារទរ ទិវាបុណ្យឯករាជជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសបរបស់គណបក្សប្រជាជនកម្ពុជា។
ណាឱកាសដ៏មហិទ្ធរិទ្ធនោះ មានការការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ក់ រ៉ា ប្រធានក្រុមព្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកមន្ទីអង្គភាព ស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តជាមួយកម្លាំងប្រដាប់អាវុធទាំង បីប្រភេទ ដោយនិមន្តព្រះសង្ឃយ័ន្តតោប័ង្សកូលអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធរំលឹកខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣ - ២០២៣) និងអបអរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ។
ពិធីនេះបាន ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបរិវេណលើ បុរីវប្បធម៌កោះសំពៅមាស ស្ថិតនៅក្នុងភូមិពាលញែក០២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ត្រូវបានប្រារព្ធឡើងដើម្បីរម្លឹក និងចងចាំជានិច្ចនូវឧបការគុណរបស់បុព្វបុរស ជាពិសេសយុទ្ធជនខ្មែរ ដែលបានពលីជីវិតដើម្បីជាតិ និងប្រជាជន។
ម្យ៉ាងមួយវិញទៀត គឺដើម្បីរំលឹកអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត តស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដ ជូនប្រជាជាតិទាំងមូល ហើយប្រជារាស្ត្រទូទាំងប្រទេសដោយបានថ្វាយ ព្រះកិត្តិនាមព្រះអង្គជា “ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ”។
ព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យ ការកសាងជាតិ ការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹក គឺពិតជាស្ថិតនៅក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូប ដោយគ្មានថ្ងៃបំភ្លេចបានឡើយ។
លោកអភិបាលខេត្តពោធិសាត់ បានលើកឡើងថា នេះជាថ្ងៃគម្រប់ខួប៧០ឆ្នាំ នៃបុណ្យឯករាជជាតិ ក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យនៅកម្ពុជា ឲ្យរួចផុតពីអាណានិគមបារាំង និងកំណើតកងយោធពលខេមរភូមិន្ទ។ ក្នុងរយៈពេល ៧០ឆ្នាំមកនេះ កងយោធពលខេមរភូមិន្ទ បានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារអធិបតេយ្យ បូរណភាពទឹកដី រួមចំណែកអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យកាន់តែសម្បូររុងរឿង។
គួរំលឹកថា កម្ពុជា តែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដោយមានរៀបចំពិធីប្រទានភ្លើងទានជ័យ រម្លឹកគុណដល់អ្នកស្នេហាជាតិដែលបានពលីជីវិត ដើម្បីទាមទារឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបូជានេះ ក៏ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅត្រឹមថ្ងៃទី១១ ខែវិច្ឆិកា គឺមានរយៈពេល ៣ថ្ងៃ៕ លាន គ្រន