2023-11-22 15:29
534

ខេត្តក្រចេះ ៖         ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ លោក ទេព សុធាវី បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យ២នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី)។ 

យោងតាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានមន្រ្តីជំនាញ ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗទី១; ឈ្មោះ ពេជ្រ ម៉ែន អាយុ៤៥ឆ្នាំ រស់នៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ។ ជននេះគឺជាមុខសញ្ញាឆក់ត្រីដ៏សកម្មនៅតាមតំបន់នានាក្នុងកន្លែងគ្រប់គ្រង និងការពារសត្វផ្សោត នៅស្រុកសំបូរ ហើយត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ កោះឱ្យចូលខ្លួនដើម្បីណែនាំ អប់រំ និងធ្វើកិច្ចសន្យា២ដងរួចមកហើយ ប៉ុន្តែជននេះនៅតែប្រព្រឹត្តិបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីដដែល។  និងទី២; ឈ្មោះ ធុ លី អាយុ៤៨ឆ្នាំ រស់នៅភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ។

ប្រភពដដែលបន្តថា ជនសង្ស័យចំនួន២នាក់ ក្រោយឃាត់ខ្លួន មន្ត្រីជំនាញ បានកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដោយសារជាប់ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី)។ ការចាប់ខ្លួននេះបានធ្វើឡើង ក្រោយកម្លាំងជំនាញរដ្ឋបាលជលផលក្រចេះ រួមជាមួយអធិការជលផលមេគង្គ គណៈកម្មការខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះល្បាតឃ្លាំមើលការប្រព្រឹត្តិបទល្មើសនេសាទ កាលពីយប់ថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមភូមិសាស្រ្តក្បាលកោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្ក្រចេះ។

មន្រ្តីខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងទៀតថា ក្រៅពីមនុស្សពីរត្រូវបានចាប់ឃាត់ខ្លួន កម្លាំងជំនាញបានសម្រេចរឹបអូសវត្ថុតាងរួមមាន៖ ទូកស្មាច់១គ្រឿង បណ្តោយ ៥,៩ម៉ែត្រ ទទឹង ០,៧០ម៉ែត្រ ជម្រៅ០,៥០ម៉ែត្រ; ម៉ាស៊ីនម៉ាកឡុងស៊ីនកម្លាំង២២សេស១គ្រឿង ;អាំងវែកទ័រឆក់ត្រីចំនួន២គ្រឿង (ឆក់ស្រូប១គ្រឿង និងឆក់ក្តៅ១គ្រឿង);អាគុយ៧០អាំព័រ១គ្រឿង; កន្ត្រងដងត្រី២គ្រឿង; ខ្សែកាប ;ខ្សែភ្លើងប្រវែង០៩ម៉ែត្រ និងត្រីចម្រុះនៅក្នុងទូកប្រហែល២០ គីឡូក្រាម៕