ខេត្តបាត់ដំបង៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា មន្ត្រីជំនាញ ក.ប.ប. នៅតាមបណ្ដាសាខារាជធានី-ខេត្ត បានយកចិត្តទុកដាក់ចំពោះការទប់ស្កាត់ទំនិញមានហានិភ័យដែលនាំឱ្យប៉ះពាល់សុខភាព និងខិតខំស្វះស្វែងចុះត្រួតពិនិត្យទំនិញបរិភោគគ្រប់ប្រភេទទាំងនៅលើទីផ្សារ ម៉ាត រថយន្តដឹកទំនិញ និងឃ្លាំងស្ដុកនិងចែកចាយគ្រប់ប្រភេទ ក្នុងគោលបំណងស្វែងរកទំនិញដែលហានិភ័យដល់សុខភាពបងប្អូនទូទៅដែលជាអ្នកប្រើប្រាស់។
នៅរសៀលថ្ងៃអង្គារទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះជាក់ស្ដែងបើយោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹង ថា៖ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង កាលពីម្សិលមិញនេះ បានដឹកនាំកម្លាំង និងនាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះរត្រួតពិនិត្យទីតាំងផលិត កែច្នៃណែមមួយកន្លែងក្នុងខេត្តបាត់ដំបង ក្នុងគោលបំណងស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ ជាពិសេសអ្នកចូលចិត្តលើវិស័យណែមតែម្ដង។
ក្នុងប្រតិបត្តិការនោះ តាមលទ្ធផលមន្រ្តីជំនាញ បានបញ្ជាក់ថា សំណាកគំរូតាំង១២នោះមានអនុលោមភាព ពោលគឺពុំមានដាក់សារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកបរិភោគនោះឡើយ។
គួររម្លឹកផងដែរថា មន្រ្តីជំនាញ កន្លងទៅធ្លាប់បានបញ្ជាក់ថា ទំនិញដែលចរាចរពុំត្រឹមត្រូវនិងមានហានិភ័យទាំងនោះគឺផ្ដើមចេញពីឈ្មួញដែលប្រកបរបរមិនសុចរិត ពោលគឺព្យាយាមគេចវេសគ្រប់រូបភាពដែលអាចធ្វើបានដោយពុំគិតពីសុខភាពអ្នកប្រើប្រាស់នោះឡើយ។ សូមជម្រាបថា កន្លងទៅមន្ត្រីជំនាញ បានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករដែលមានចេតនាដាក់តាំងលក់ទំនិញខូចគុណភាព ស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ៕