2023-11-22 15:46
420

ភ្នំពេញ៖     ស៊ុតមាន់ជាង ៨,០០០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ចុះប្រតិបត្តិការបង្ក្រាបក្រោយរកឃើញពុំមានអនុលោមភាព និងដឹកយកទៅកម្ទេចចោល។ នេះបើយោងការបញ្ជាក់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។ 

អគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងទៀតថា បន្ទាប់ពីមានការចង្អុលបង្ហាញផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.  នាថ្ងៃទី២០ ខែវិច្ឆិកាម្សិលមិញនេះ លោកប៊ុន ចំរើន អគ្គយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរដែនដីធ្វើការកម្ទេចចោលទំនិញដែលជាស៊ុតមាន់ចំនួន ៨, ១៩០គីឡូក្រាមក្រោយរកឃើញថាស៊ុតមាន់ទាំងអស់នោះពុំមានអនុលោមភាពត្រឹមត្រូវតាមបទប្បញ្ញត្តិ ពុំមានឯកសារបញ្ជាក់ពីគុណភាពត្រឹមត្រូវ និងពុំបានអនុវត្តលក្ខខណ្ឌតម្រូវនៃម្ហូបអាហារ។ ភាពមិនអនុលោមទាំងអស់នេះគឺពិតជាធ្វើឱ្យមានហានិភ័យលើសុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរប្រសិនបើស៊ុតទាំងអស់នេះរបូតទៅលើទីផ្សារ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. សូមសុំណូមពរដល់ធុរកិច្ចជន និងប្រតិបត្តិករអាជីវកម្មទាំងអស់អនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី និងអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសដែលមានចែងជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា៕