2023-11-23 12:45
743

ភ្នំពេញ៖ សម្រាប់លទ្ធផលរប្រឡងបាក់ឌុបសម័យប្រឡង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅបង្ហាញថា លទ្ធផលបេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ១ ៦៧៣នាក់ កើនឡើងជាង ៦០០នាក់បើប្រៀបធៀបកាលពីឆ្នាំ២០២២ ។

យោងតាមការប្រកាសលទ្ធផលរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា ក្នុងឆ្នាំ២០២៣នេះមានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់ចំនួន ៩៨ ៤៦០ នាក់ ប្រមាណជា ៧២,៨៩ ភាគរយនៃចំនួនបេក្ខជនបានមកប្រឡង។ 

សម្រាប់បេក្ខជនជាប់និទ្ទេស A មានចំនួន ១ ៦៧៣នាក់, និទ្ទេស B ចំនួន ៦ ៩៦៤នាក់ និទ្ទេស C ចំនួន ១៨ ៣០៨នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩នាក់។បើតាមស្តិតិការប្រឡងបាក់ឌុបឆ្នាំ២០២២ ចំពោះលទ្ធផលបង្ហាញថា បេក្ខជនប្រឡងជាប់សរុប ៩០ ៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់, និទ្ទេស B ចំនួន ៧ ២៣២នាក់, និទ្ទេស C ចំនួន ១ ៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១ ១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២ ៤៥០នាក់ ។

គួរបញ្ជាក់ថា ការប្រឡងបាក់ឌុប ឆ្នាំ២០២៣នេះ ដែរ មានបេក្ខជនចុះឈ្មោះប្រឡង សរុបចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មានមណ្ឌលប្រឡង សរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់ ។

ការប្រកាសលទ្ធផលប្រឡងបាក់ឌុបសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នឹងប្រព្រឹត្តទៅនៅរសៀលម៉ោង ៣ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្តាល និងព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តដទៃទៀត៕