ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទឱ្យចិត្តទុកដាក់ខ្ពស់ទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន។ ការណែនាំបែបនេះរបស់លោកអធិការនគរបាលខណ្ឌកំបូល នាឱកាសបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារពិធីបុណ្យអុំទូក នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅអធិការដ្ឋាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះដែរ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានបញ្ជាក់ថា ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅពេលប៉ុន្មានខាងមុខនេះ។
គួរជម្រាបជូនថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ វិច្ឆិកាថ្មីៗនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ខាន់ៗមួយចំនួនទៀតដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះគឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧គ្រោងរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ ។
កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីជាប់ពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំឱ្យមានការប្រើប្រាស់កម្លាំងល្បាតត្រួតពិនិត្យ ជាប្រចាំនៅតំបន់ប្រារព្ធពីធីនិងកម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីតៀមជំនួយចេញអន្តរាគមន៍រាល់សភាពការណ៍ដែលត្រូវចាំបាច់ ។ ណែនាំកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញាដើម្បីទប់ស្កាត់អំពើលួច ដើម្បីថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យសប្បាយរីករាយ។ ដាក់វេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានា រងចាំទទួលបណ្តឹងនិងចេញដោះស្រាយនៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ច ដែលមានបញ្ហាផ្សេងៗ។ សិក្សាចំណតរថយន្តសម្រាប់រថយន្តប្រជាពលរដ្ឋមកលេងកម្សាន្ត ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងកម្លាំងដែល ត្រូវបិទគោលដៅសំខាន់ៗ ត្រូវអនុវត្តឱ្យបានដោយម៉ឺងម៉ាត់មិនអនុញ្ញាតឱ្យមធ្យោបាយចូលក្នុងតំបន់ប្រារព្ធពិធីនោះឡើយ លើកលែងមធ្យោបាយរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ៕