ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហាញមុខក្រុមអ្នកលេងកាំបិតហោះចំនួន ៣នាក់ជាសាធារណៈ និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់នគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោស (យកកាំបិតបុ័ងតោ កាប់ជនរងគ្រោះ) កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៣:៣០នាទីយប់ ស្ថិតនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចជំនាញ ចាប់យកវត្ថុតាងរួមមាន៖ កាំបិតបុ័ងតោចំនួន២ដើម និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕