2023-11-23 17:13
416

នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃទី២ នៃសន្និសីទលើកទី១១ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបែងចែកកិច្ចពិភាក្សាជា៥ក្រុម ក្នុងនោះប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានចូលរួមកិច្ចពិភាក្សាលើប្រធានបទចំនួន ២ គឺ៖ ១- ក្លាយជាសមាគមជាតិដែលមាននិរន្តភាព និង ២-ក្លាយជាសមាគមជាតិដែលទទួលបានទំនុកចិត្ត។

កិច្ចពិភាក្សាលើប្រធានបទ "ក្លាយជាសមាគមជាតិដែលមាននិរន្តភាព" គឺត្រូវមាននិរន្តភាពនៅក្នុងការកៀរគររកធនធាន ត្រូវមានយន្តការនិងយុទ្ធសាស្រ្តដើម្បីកៀរគរធនធាន។ ក្នុងឱកាសនោះ ឯកឧត្តម យូ ទ្បាណា អគ្គលេខាធិការរងទី២ បានធ្វើបទអន្តរាគមន៍ ស្តីពីដំណើរការ និងវិធីសាស្រ្តក្នុងការកៀរគរធនធានរបស់កាកបាទក្រហមកម្ពុជា ទាំងនោះទីស្នាក់ការកណ្តាល និងនៅថ្នាក់សាខា ដែលបានអនុវត្តតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ដោយកាកបាទក្រហមកម្ពុជា បានកំណត់យកការប្រារព្ធទិវា ៨ឧសភា ជារៀងរាល់ឆ្នាំ ជាមូលដ្ឋានចម្បងក្នុងការកៀរគរមូលនិធិរបស់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បានលើកកម្ពស់នូវភាពម្ចាស់ការរបស់សាខា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការស្វែងរកប្រាក់ចំណូល និងការឆ្លើយតបគ្រោះមហន្តរាយ តាមលទ្ធភាពរបស់សាខា អនុលោមទៅតាមយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍផងដែរ។ ទន្ទឹមនឹងនេះដែរ លោកស្រី បេក្ខជនឈរឈ្មោះប្រធានសហព័ន្ធអន្តរជាតិ ក៏បានលើកទ្បើងពីការកៀរគររកមូលនិធិតាមអនទ្បាញ ដែលសហព័ន្ធអន្តរជាតិបានលើកទឹកចិត្តក្នុងការប្រើប្រាស់ឱ្យកាន់តែទូលំទូលាយថែមទៀតផងដែរ។ 

ចំពោះកិច្ចពិភាក្សាលើប្រធានបទ "ក្លាយជាសមាគមជាតិដែលទទួលបានទំនុកចិត្ត" គឺដើម្បីទទួលបានជំនឿទុកចិត្ត សមាគមជាតិត្រូវមានយន្តការច្បាស់លាស់នៅក្នុងការអនុវត្តការងារ ត្រូវមានតម្លាភាព និងគណនេយ្យភាព ត្រូវអនុវត្តការបំពេញការងារជាប្រចាំ។ ជាងនេះទៀត កិច្ចពិភាក្សាក៏បានលើកទ្បើងអំពីបញ្ហាប្រឈម សមិទ្ធផលដែលសម្រេចបាន និងមេរៀនបទពិសោធន៍។ ក្នុងឱកាសនោះ កាកបាទក្រហមចិន បានលើកនូវមតិយោបល់ចូលរួមក្នុងថា ដើម្បីក្លាយជាសមាគមជាតិ ដែលទទួលបានទំនុកចិត្ត យើងត្រូវតែតឹងរ៉ឹង និងច្បាស់លាស់ និងមានវិន័យ។ កាកបាទក្រហមចិន កំពុងតែធ្វើឱ្យប្រសើរទ្បើងនូវការផ្តល់សេវាកម្ម ប្រព័ន្ធគ្រប់គ្រងទិន្នន័យបរិច្ចាគ។ យុវជនគួរបានចូលរួមនៅក្នុងការងារអភិបាល និងគ្រប់គ្រង ដើម្បីឱ្យយុវជនកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។ បន្ថែមពីនេះ កាកបាទក្រហម នូវែលសេឡង់ បានលើកយោបល់ថា ថ្នាក់ដឹកនាំគួរបើកទូលាយឱ្យមានការផ្តល់មតិកែលម្អ ដើម្បីអនុវត្តការងារកាន់តែប្រសើរទ្បើង។

លោកស្រី តំណាងកាកបាទក្រហម ម៉ាល់ឌីវ បានធ្វើការបូកសរុបលទ្ធផលថ្ងៃទី២ លើប្រធានបទទាំង ៥ ដូចខាងក្រោម ៖
1.  ក្លាយជាសមាគមជាតិមានការសម្របសម្រួលល្អ៖ តាមរយៈការផ្តល់ជំនួយទៅវិញទៅមក៖ ពង្រឹងការបណ្តុះបណ្តាលទៅវិញទៅមក និងចែករំលែកធនធានរួមទាំងបទពិសោធន៍ ជាគំនិត ហិរញ្ញវត្ថុ និងសម្ភារៈសមស្របតាមបរិបទសង្គម។
2.  ក្លាយជាសមាគមជាតិដែលមាននិរន្តភាព៖ ត្រូវមានផ្នត់គំនិតបែបអាជីវកម្ម ការវិនិយោគប្រកបដោយប្រសិទ្ធផល និងលើកកម្ពស់តួនាទីរបស់ចលនា ដើម្បីបង្ហាញនូវសមិទ្ធផល។ 
3.  ក្លាយជាសមាគមជាតិដែលទទួលបានទំនុកចិត្ត៖ ត្រូវផ្តល់ជំនឿទុកចិត្ត និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទូលំទូលាយ មានការទទួលខុសត្រូវខ្ពស់ និងទំនាក់ទំនងល្អ។
4.  មានការសម្របសម្រួលល្អ តាមរយៈកិច្ចព្រមព្រៀងទីក្រុងស៊ីវិល2.0
5.  ត្រៀមជាស្រេចមុនគ្រោះមហន្តរាយ៖ គាំទ្រសមាគមជាតិលើការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយ ធានាថាគ្មានសមាគមជាតិណាមួយ មិនបានត្រៀមខ្លួនជាស្រេចមុនគ្រោះមហន្តរាយ មិនបានកសាងភាពធន់ និងមិនបានអភិវឌ្ឍសហគមន៍៕