(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តប្តេជ្ញាធ្វើការជាមួយបណ្តាប្រទេសខាងត្បូង ដើម្បីពង្រឹងបន្ថែមតួនាទីដ៏សំខាន់របស់បណ្តាប្រទេសខាងត្បូង ក្នុងការធានាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។
នេះបើតាមការថ្លែងរបស់តំណាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺលោកស្រី យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ ពេលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលលើកទី២ នៃសម្លេងបណ្តាប្រទេសខាងត្បូង ក្រោមប្រធានបទ «ឥណ្ឌា និងបណ្តាប្រទេសខាងត្បូង៖ ការងើបឡើងជាមួយគ្នា ដើម្បីអនាគតដ៏ប្រសើរ» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមប្រព័ន្ធនិម្មិត។ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលលោកបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសចំនួន ១៦ មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាហ្វ្រិក។
សេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកានេះ លោកស្រីរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា តាមរយៈការធ្វើការរួមគ្នា បណ្តាប្រទេសខាងត្បូងអាចបំពេញបន្ថែម និងរួបរួមកម្លាំងនៃឧត្តមានុវត្តន៍ ដើម្បីប្រយោជន៍ទៅវិញទៅមក និងដោះស្រាយបញ្ហាប្រឈមរួមគ្នា។ ការជំរុញ ការវិនិយោគដោយផ្ទាល់ពីបរទេស និងពាណិជ្ជកម្មអន្តរជាតិ ការលើកកម្ពស់ការកសាងសមត្ថភាព ការពន្លឿនសេដ្ឋកិច្ចឌីជីថល និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចសង្គមថ្មីៗ មានសារៈសំខាន់សម្រាប់ការពង្រឹងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់របស់ច្រវាក់តម្លៃក្នុងតំបន់ និងសាកល។
«ក្នុងន័យនេះ លោកស្រី បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយបណ្តាប្រទេសខាងត្បូងដើម្បីពង្រឹងបន្ថែមតួនាទីដ៏សំខាន់របស់បណ្តាប្រទេសខាងត្បូង ក្នុងការធានាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
ក្នុងអំឡុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសដែលបានចូលរួម បានបញ្ចេញទស្សនៈរបស់ខ្លួនពាក់ព័ន្ធភាពចាំបាច់នៃការកែទម្រង់ស្ថាប័នសាកលពហុភាគី ដើម្បីឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ ការបង្កើតទម្រង់ថ្មីមួយនៃសុខុមាលភាពសង្គមសម្រាប់សតវត្សទី ២១ និងភាពចាំបាច់នៃការពង្រីកកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីកោណ ដើម្បីធានាថា ប្រទេសកំពុងអភិវឌ្ឍន៍អាចធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសាកល។
ថ្លែងក្នុងកិច្ចប្រជុំខាងលើ លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី បានគូសបញ្ជាក់ពីបញ្ហាប្រឈមផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយដែលបណ្តាប្រទេសខាងត្បូងកំពុងជួបប្រទះ។ លោកស្រី បានរំលេចពីភាពចាំបាច់នៃការរួបរួមគ្នារបស់បណ្តាប្រទេសខាងត្បូងក្នុងការថ្កោលទោសចំពោះការជ្រៀតជ្រែកពីខាងក្រៅ និងការរំលោភលើអធិបតេយ្យភាពរបស់រដ្ឋនីមួយ។ ដោយសាមគ្គីភាពគ្នា បណ្តាប្រទេសខាងត្បូងមានកម្លាំងក្នុងការជំរុញការលើកកម្ពស់ និងការច្របាច់បញ្ចូលសន្តិភាពសកល តាមរយៈការគោរពគោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕