ព្រះសីហនុ៖ ឧក្រិដ្ឋជនមួយក្រុមមានគ្នា ចំនួន ០៧នាក់ ក្នុងនោះស្រីម្នាក់ ប្រដាប់ដោយអាវុធខ្លី ០៣នាក់ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុធ្វើការបង្ហាញមុខ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ និងបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។
របាយការណ៍ប៉ូលិសបានឱ្យថា កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅចំណុច ផ្លូវម្លប់តាប៉ាង ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជិះរថយន្ត ចំនួន ០២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពចាប់បុរសជនជាតិចិន ០១នាក់ ដាក់ចូលក្នុងរថយន្ត ខណៈពេលដែលជនរងគ្រោះកំពុងដើរនៅតាមផ្លូវ ដោយក្រុមជនសង្ស័យមានអាវុធខ្លីគ្រប់ដៃផងដែរ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង០០នាទីព្រឹក ទើបមានប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះ នៅក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយដៃជាប់ខ្នោះទៅខាងក្រោយ និងមានរបួសស្នាមជាច្រើនកន្លែងនៅលើ ដៃ ជើង និងដងខ្លួន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
ដោយបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង ជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង០០នាទី ទើបចាប់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០៧នាក់ ជនជាតិចិន ចំនួន ០២នាក់ និងជនជាតិខ្មែរ ចំនួន ០៥នាក់ (ស្រី០១នាក់) ជាបន្តបន្ទាប់ គ្នា។
សមត្ថកិច្ចបានបានឱ្យដឹងថា ចំពោះមុខសញ្ញាជនសង្ស័យទាំង ០៧នាក់ រួមមាន៖ ទី១- ឈ្មោះ LU DONG DONG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី២- ឈ្មោះ SUN ZHONGHUA ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន លេខ EE0738338 មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទី៣- ឈ្មោះ ប៉ិក តុលា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អង្គរក្សការពារចិន មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី៤- ឈ្មោះ នៅ ឡាយ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី៥- ឈ្មោះ ចត់ ហិង្សា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទី៦- ឈ្មោះ សុខ មិច ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និង ទី៧- ឈ្មោះ ខន ដាលីន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា វត្ថុតាងចាប់យកបាន រួមមាន៖ អាវុធខ្លី ចំនួន ០៣ដើម, គ្រាប់កាំភ្លើងចំរុះសរុបចំនួន ៨៩គ្រាប់, ខ្នោះដៃ ០២គូរ, រថយន្ត ចំនួន ០៣គ្រឿង ជាមធ្យោបាយជិះប្រព្រឹត្តិបទល្មើស និងសម្ភារផ្សេងៗមួយចំនួនទៀត។
បច្ចុប្បន្ន ចំពោះករណីនេះ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីបញ្ជូនទៅតុលាការ និងកំពុងបន្តធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យដែលនៅសេសសល់បន្តទៀត៕