2023-11-30 22:58
633

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ថា នយោបាយអភិវឌ្ឍប្រទេសដែលផ្សារភ្ជាប់ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តអភិវឌ្ឍប្រទេសដោយចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។ 

នេះបើយោងតាមការបង្ហោះសារលើបណ្តាញទំនាក់ទំនាក់ទំនងសង្គម នៅយប់ថ្ងៃព្រហស្សតិ៍ ទី៣០ ខែវិច្ឆកា ឆ្នាំ២០២៣នេះ។ 

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរម្លឹកពីខេត្តកោះកុង នៅថ្ងៃនេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបញ្ជាក់ជំហរច្បាស់លាស់ថា ការអភិវឌ្ឍប្រទេសត្រូវគិតគូរលើកត្តាសំខាន់ចំនួន៣ជាចាំបាច់៖ 

ទី១៖ ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជា ពិសេសពលរដ្ឋក្នុងសហគមន៍ដែលទទួលបានផលពីការអភិវឌ្ឍមុនគេ។ 

ទី២៖ យកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់ជាពិសេសផលប៉ះពាល់លើបរិស្ថាន មនុស្ស និងសត្វ។ 

ទី៣៖ ចូលរួមចំណែកជាមួយពិភពលោកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ 

ដើម្បីបញ្ជាក់ពីឆន្ទៈដ៏មោះមុតនេះ សម្តេចធិបតីក៏បានប្រកាសជាសាធារណៈបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយបង្វែរទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ជាជំនួសវិញ។ 

ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាមិនធ្វើវារីអគ្គិសនី នៅតាមដងទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ។ 

បើតាមលោក ប៉ែន បូណា ថ្វីដ្បិតតែអគ្គិសនី គឺជាសេចក្តីត្រូវការចាំបាច់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស ក៏ប៉ុន្តែរាជរដ្ឋាភិបាលសុខចិត្តជ្រើសរើសយកប្រភពអគ្គិសនីដែលមិនប៉ះពាល់ដល់បរិស្ថាន។ 

នេះគឺជាការសម្រេចចិត្តជាគំរូមួយដែលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោក ស្តីពី ការអភិវឌ្ឍដោយចីរភាពដែលគិតគូរខ្ពស់ដល់បរិស្ថាននិងផលប៉ះពាល់នានា។ 

ដូច្នេះ គេពិតជាអាចនិយាយបានថា កម្ពុជាជាប្រទេសតូចតែមេដឹកនាំខ្មែរពិតជាមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍប្រទេសដោយគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដោយផ្សារភ្ជាប់នឹងការគិតគូរដល់បរិស្ថាន៕