(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំដំបូង នៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ជាសមាជិក សមាជិកាជាច្រើនរូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញអំពី របាយការណ៍សង្ខេបស្តីពី វឌ្ឍនភាពនៃការចូលរួមអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១ (២០១១_២០២០) និងដំណាក់កាលទី២ (២០២១-២០៣០) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោម ឱ្យកាន់តែមាសក្តានុពល ស្របតាមចក្ខុវិស័យ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ចាប់តាំងពីនីតិកាលមុនៗ បន្តរហូតមកដល់នីតិកាលទី៧ ក្នុងពេលបច្ចុប្បន្ននេះ។
សូមជម្រាបដែរថា៖ គោលការណ៍សំខាន់នៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬកំណែទម្រង់តាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ គឺដើម្បីជំរុញអភិបាលកិច្ចតាមរយៈការបង្ខិតសេវារដ្ឋបាលទៅជិតប្រជាពលរដ្ឋ សំដៅលើកកម្ពស់គុណភាពសេវាសាធារណៈតាមរយៈការពង្រឹងយន្តការបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕