ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដល់មន្រ្តីនគរបាលដែលមានភារកិច្ចក្នុងកិច្ចការនេះ ។
កិច្ចប្រជុំបានធ្វើឡើងនៅសាលប្រជុំធំ ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមាន ការចូលរួមពីលោកស្នងការរងក្នុងផែនពាក់ព័ន្ធ លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការ អធិការរងនគរបាល ក្រុង ស្រុក ទទួលដឹកនាំការងារប្រឆាំងគ្រឿងញៀន រួមទាំងមន្រ្តីនគរបាលនៅការិយាល័យ ជំនាញ និងមន្រ្តីអនុវត្តការងារប្រឆាំងគ្រឿងញៀនទាំងអស់ ។
ពាក់ព័ន្ធនឹងការងារនេះ លោកឧត្តមសេនីយ៍ទោ ស្នងការបានសង្កត់ធ្ងន់ចំពោះមន្រ្តីនគរបាលជាតិចំណុះស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបងទាំងអស់ពិសេសមន្រ្តីនគរបាលដែលអនុវត្តការងារនេះ សូមកុំមានការពាក់ព័ន្ធឱ្យសោះជាមួយបញ្ហា គ្រឿងញៀន ហើយបញ្ហានេះលោកឧត្តមសេនីយ៍ទោ ស្នងការតែងក្រើនរំលឹកជារឿយៗនៅក្នុងកិច្ចប្រជុំនាពេលកន្លងមកដើម្បីជាការដាស់តឿនកុំឱ្យមានមន្រ្តីនគរបាលណាមួយពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន ហើយក្នុងករណីដែល មានមន្រ្តីនគរបាលរូបណាពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ នោះថ្នាក់ដឹកនាំស្នងការដ្ឋាននឹងចាត់វិធានការ ស្របតាមច្បាប់ តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ តាមបទបញ្ជាដាច់ខាតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជាពិសេសតាមអនុសាសន៍របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការបានដាក់បទបញ្ជាដល់គ្រប់អង្គភាពផែនជំនាញ និងអធិការដ្ឋាន នគរបាលក្រុងស្រុកត្រូវបន្តសកម្មភាពក្នុងការសិក្សាស្រាវជ្រាវ ស៊ើបអង្កេតនិងប្រយុទ្ធប្រឆាំងនូវករណីគ្រឿងញៀន នៅក្នុងមូលដ្ឋាន ទោះក្នុងកម្រិតតូច ធំ យ៉ាងណាក៏ត្រូវតែអនុវត្តឱ្យដូចជាភ្លៀងរលឹម ព្រោះថាស្ថានភាពនៃបញ្ហានេះពិតជាបានកើតមាននៅមូលដ្ឋានពិតមែនបើទោះបីកន្លងទៅសមត្ថកិច្ចយើងបានខិតខំធ្វើការ ស្រាវជ្រាវ បង្រ្កាបជាបន្តបន្ទាប់ហើយក្តី ប៉ុន្តែបញ្ហានេះនៅជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចរបស់ យើងនៅឡើយដែលចាំបាច់ត្រូវតែបន្តខិតខំបន្ថែមទៀត។