2023-12-01 12:11
570

(ក្រចេះ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលនយោបាយ ដោយចងក្រងសហគមន៍កសិកម្ម ដើម្បីឲ្យការដាំដុះស្វាយចន្ទី ស្ថិតនៅក្នុងតម្លៃមួយ អាចទទួលយកបានទាំងកសិករ និងអ្នកប្រមូលទិញ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីកញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលក្រសួងកសិកម្ម និងសហភាពអឺរ៉ុប រៀបចំដំណើរទស្សនកិច្ច នាំក្រុមអ្នកព័ត៌មាន ចុះទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា រយៈពេល៤ថ្ងៃ នៅខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។

កញ្ញា អ៉ឹម រចនា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានដាក់ចេញ នូវគោលនយោបាយដ៏សំខាន់ នៅក្នុងអាណត្ដិនេះ គឺយើងចងក្រងជាសហគមន៍កសិកម្ម ដើម្បីឲ្យការដាំដុះស្វាយចន្ទី ទាំងកសិករ ទាំងអ្នកប្រមូលទិញផ្សារភ្ជាប់គ្នា [...] ចំពោះការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី សមាមាត្រគ្នា ហើយស្ថិតនៅក្នុងតម្លៃមួយ ដែលអាចទទួលយកបានទាំងអស់គ្នា»។

អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានគូសបញ្ជាក់ថា នៅក្នុងយន្តការដែលអនុវត្តនេះ ក្រសួងនឹងប្រមូលម្ដុំ ប្រជាកសិករដែលដាំដុះដំណាំតាមប្រភេទ ចងក្រងចូលជាសហគមន៍តែមួយ ដោយនឹងដំណើរការជាលក្ខណៈដូចជាក្រុមហ៊ុនមួយ។

ទន្ទឹមគ្នានេះ កញ្ញា អ៉ឹម រចនា បានឲ្យដឹងផងដែរថា ក្រសួងកសិកម្ម, ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងតែបន្តទាក់ទាញអ្នកវិនិយោគ ឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជា បន្ទាប់ពីសហគមន៍កសិកម្ម ដំណើរការបានល្អ ដែលអាចធានានូវការផ្គត់ផ្គង់វត្ថុធាតុដើម ក៏ដូចជាការកែច្នៃផលិតផល ដែលកែច្នៃរួច ជូនទៅដល់អ្នកវិនិយោគ។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ដំណាំស្វាយចន្ទី ជាដំណាំឧស្សាហកម្ម មានសក្តានុពលខ្ពស់ សម្រាប់ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បី ជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំ គ្រាប់ និងសរីរាង្គតាមបែបប្រពៃណី។

លោក តូច ប៊ុនហួរ បានបន្ថែមថា ដំណាំស្វាយចន្ទីងាយស្រួលដាំដុះ បើប្រៀបធៀបជាមួយដំណាំផ្សេងទៀត ដំណាំស្វាយចន្ទី ត្រូវការទឹកតិចតួចសម្រាប់ការលូតលាស់ ធន់នឹងភាពរាំងស្ងួត សមស្រមទៅនឹង អាកាសធាតុ និងសណ្ឋានដីនៅប្រទេសកម្ពុជា។បច្ចុប្បន្ននេះ ខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ គឺមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តមានជ័យ សៀមរាប និងកំពង់ឆ្នាំង។ តាមរយៈការ វាយតម្លៃបានបង្ហាញថា ប្រទេសកម្ពុជាមានលក្ខខណ្ឌដី សមស្របសម្រាប់ដំណាំស្វាយចន្ទី មានប្រមាណ ២.៣៨លានហិកតា។

លោក តូច ប៊ុនហួរ បានឲ្យដឹងថា ទោះបីជាអនុវិស័យដំណាំស្វាយចន្ទី ទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងមានការអភិវឌ្ឍរីកចម្រើន គួរឲ្យកត់សម្គាល់ ក៏អនុវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចំបងៗមួយចំនួនដូចជា៖
(១)៖ ផលិតកម្មដំណាំទទួលបានទិន្នផល និងប្រសិទ្ធភាពសេដ្ឋកិច្ចនៅទាប
(២)៖ ធនធានមនុស្ស និងថវិកាសម្រាប់បម្រើឲ្យការងារស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងនវានុវត្តន៍ថ្មីៗ នៅមានកម្រិត
(៣)៖ កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្ម និងការកែច្នៃ
(៤)៖ ធាតុចូលកសិកម្មមានតម្លៃខ្ពស់ និងថ្លៃដើមផលិតកម្មនៅខ្ពស់
(៥)៖ ការយល់ដឹងអំពីការគ្រប់គ្រង និងប្រើប្រាស់ដី និងជីកសិកម្មមិនទាន់ទូលំទូលាយ
(៦)៖ តម្លៃកសិផលនៅលើទីផ្សារឡើងចុះមិនទៀងទាត់
(៧)៖ សហគមន៍កសិកម្មមិនទាន់មានសមត្ថភាពរឹងមាំ
(៨)៖ ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារនៅមិនទាន់បង្កើតបានគ្រប់គ្រាន់នៅឡើយ។

បច្ចុប្បន្ននេះកម្ពុជាបាននាំគ្រាប់ស្វាយចន្ទីឆៅ ទៅកាន់ប្រទេសជិតខាង ក្នុងតម្លៃថោកជាងការរំពឹងទុក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា តើកម្ពុជានឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ជាថ្នូរនឹងការកែច្នៃក្នុងស្រុកសម្រាប់ការនាំចេញ គឺបានបង្កើនតម្លៃបន្ថែម និងបង្កើតការងារដល់កម្មករ ក្នុងស្រុកថែមទៀតផង។

បន្ថែមពីនោះទៀត លោក តូច ប៊ុនហួរ បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រហែលជាង៩០ភាគរយ ទៅក្រៅប្រទេស និងកែឆ្នៃក្នុងស្រុកប្រមាណ ប្រហែលជាង ៥ ភាគរយប៉ុណ្ណោះ។

សូមជម្រាបថា រយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ជាង៦១ម៉ឺនតោន ទទួលបានទឹកប្រាក់ ៨៣១លានដុល្លារ ថយចុះជិត ១៦.៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២៕